ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ព្រមានអាមេរិក ពីការសងសឹកប្រសិនបើឃាតកសម្លាប់លោក Soleimani មិនត្រូវបានកាត់ទោស

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានព្រមានអំពីការសងសឹករបស់អ៊ីរ៉ង់ចំពោះការធ្វើឃាតដោយសហរដ្ឋអាមេរិកលើឧត្តមសេនីយ៍អ៊ីរ៉ង់លោក Qassem Soleimani ក្នុងករណីអ្នកដែលពាក់ព័ន្ធ និងនៅពីក្រោយ “អំពើឧក្រិដ្ឋកម្ម” មិនត្រូវបានកាត់ទោស តាមរយៈយន្តការយុត្តិធម៌។

លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថាទៅកាន់ការជួបជុំដ៏ធំនៃប្រជាជនអ៊ីរ៉ង់នៅក្នុងទីក្រុងតេអេរ៉ង់ Imam Khomeini Mosalla ដើម្បីប្រារព្ធខួបលើកទី២ នៃការធ្វើទុក្ករបុគ្គលរបស់លោក Soleimani នេះបើយោងតាមគេហទំព័រផ្លូវការរបស់ប្រធានាធិបតីអ៊ីរ៉ង់។

ប្រធានាធិបតីអ៊ីរ៉ង់បានលើកឡើងថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងអតីតរដ្ឋមន្ត្រីការបរទេសលោក Mike Pompeo ត្រូវតែត្រូវបាន “កាត់ទោស ចំពោះសកម្មភាពឧក្រិដ្ឋកម្មរបស់ពួកគេ” តាមរយៈយន្តការយុត្តិធម៌ និងត្រូវបានផ្តន្ទាទោស។

លោកបានសង្កត់ធ្ងន់ថា លោក Soleimani មិនមែនជាមនុស្សធម្មជាតិ ឬបុគ្គលទៀតនោះទេ ប៉ុន្តែជា “វប្បធម៌ មាគ៌ា និងសាលានៃគំនិត” ដោយកត់សម្គាល់ថា “សាលានៃគំនិត” មិនអាចត្រូវបានបំផ្លាញដោយមីស៊ីល ឬអំពើភេរវកម្មនោះឡើយ។

គួរបញ្ជាក់ថា លោក Soleimani មេបញ្ជាការកងកម្លាំង Quds នៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) ត្រូវបានគេធ្វើឃាតរួមជាមួយដៃគូរបស់លោកនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដ កាលពីថ្ងៃទី០៣ ខែមករាឆ្នាំ២០២០៕


ដោយ ឈូក បូរ៉ា

To Top