ព័ត៌មានអន្តរជាតិ

កងកម្លាំង រក្សាសន្តិភាព បញ្ជូនទៅកាហ្សាក់ស្ថាន ស្របពេលមាន ការប្រកាសភាពអាសន្ន និងការតវ៉ាជុំវិញ រឿងតម្លៃថាមពល

បរទេស៖សម្ពន្ធមិត្តយោធាដឹកនាំដោយរុស្ស៊ីមួយ បាននិយាយកាលពីយប់ថ្ងៃពុធថា ខ្លួននឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់ប្រទេសកាហ្សាក់ស្ថាន ជាទីប្រកាសភាពអាសន្នសម្រាប់រដ្ឋធានី Nur-Sultan និងទីក្រុងដ៏ធំបំផុតរបស់ប្រទេស គឺទីក្រុង Almaty ក្រោយការតវ៉ាជុំវិញរឿងតម្លៃថាមពល ប្រែក្លាយជាមានហិង្សា។

លោក Nikol Pashinyan ជានាយករដ្ឋមន្ត្រីអាមេនី និងជាប្រធានអង្គការសន្ធិសញ្ញាសន្តិសុខរួម បានប្រកាសការបញ្ជូនកងកម្លាំងសន្តិភាពនោះ លើបណ្ដាញសង្គមហ្វែសប៊ុក ដោយមានប្រសាសន៍ថា កងកម្លាំងសន្តិភាព នឹងធ្វើអន្តរាគមក្នុងប្រទេសកាហ្សាក់ស្ថាន សម្រាប់រយៈពេលមានកំណត់ ក្នុងគោលបំណងរក្សាស្ថិរភាព និងធ្វើឲ្យបរិយាកាសមានភាពប្រក្រតី។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីរូបនោះ បានមានប្រសាសន៍ថា ភាពចលាចល នាពេលថ្មីៗនេះ បានកើនកម្តៅខ្លាំងឡើង ដោយបណ្ដាលមកពីការជ្រៀតជ្រែកពីខាងក្រៅ។

ប៉ុន្តែមិនមានការបញ្ជាក់ឲ្យច្បាស់ថា កងកម្លាំងរក្សាសន្តិសុខចំនួនប៉ុន្មាននាក់នឹងត្រូវបញ្ជូនទៅ ឬក៏នៅពេលណាពួកគេនឹងធ្វើដំណើរទៅដល់ប្រទេសកាហ្សាក់ស្ថាន ឬក៏ពេលណាពួកគេនឹងចាកចេញវិញនោះទេ៕ប្រែសម្រួល៖ប៉ាង កុង

To Top