ព័ត៌មានអន្តរជាតិ

អ្នកចរចា នុយក្លេអ៊ែរ អ៊ីរ៉ង់ ថាកូរ៉េខាងត្បូង មានកាតព្វកិច្ចដោះលែង មូលនិធិអ៊ីរ៉ង់ ដែលត្រូវបានបង្កក ក្រោមគំនិត របស់អាមេរិក

តេអេរ៉ង់ ៖ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការបានរាយការណ៍ថា ប្រធានអ្នកចរចា នុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani បានលើកឡើងថា រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) មានកាតព្វកិច្ចមិនបង្កក មូលនិធិរបស់អ៊ីរ៉ង់ នៅក្នុងធនាគារ របស់ប្រទេស ដែលត្រូវបានរារាំង ក្រោមលេស នៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។

លោក Bagheri Kani បានឲ្យដឹង នៅក្នុងកិច្ចប្រជុំ ជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងថា “ដោយមិនគិតពីលទ្ធផល នៃកិច្ចចរចានៅទីក្រុងវីយែន រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្តេជ្ញាចិត្តក្នុងការដោះលែង មូលនិធិ ដែលត្រូវបានរារាំង របស់អ៊ីរ៉ង់ជារូបិយ ប័ណ្ណ ហើយទណ្ឌកម្មឯកតោភាគី របស់សហរដ្ឋអាមេរិក មិនអាចបង្ហាញអំពីភាពត្រឹមត្រូវ នៃការមិនសងបំណុល របស់ខ្លួនដល់ប្រទេសអ៊ីរ៉ង់ នោះទេ” ។

លោកបានលើកឡើងថា ការបដិសេធ “ខុសច្បាប់ និងមិនសមហេតុផល” របស់កូរ៉េខាងត្បូង ក្នុងការសងបំណុល របស់ខ្លួនទៅឱ្យប្រទេសអ៊ីរ៉ង់ នឹងក្លាយជាចំណុចងងឹតមួយ នៅក្នុងប្រវត្តិសាស្រ្ត នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ។

លោកបានបន្ថែមថា ទីក្រុងសេអ៊ូល ត្រូវតែធ្វើសកម្មភាព ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ដើម្បីមិនបង្កកធនធាន រូបិយវត្ថុរបស់អ៊ីរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

យោងតាម IRNA កិច្ចប្រជុំរវាងលោក Bagheri Kani និងសមភាគីកូរ៉េខាងត្បូង មិនទាក់ទងដោយផ្ទាល់ទៅនឹងការ ចរចាបច្ចុប្បន្ននៅទីក្រុងវីយែន ជុំវិញការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ នោះទេ។

នៅក្នុងនោះដែរ IRNA បានឲ្យដឹងទៀតថា កិច្ចប្រជុំនេះធ្វើឡើង ក្នុងក្របខ័ណ្ឌនៃការពិគ្រោះយោបល់ទ្វេភាគីធម្មតា រវាងប្រទេសទាំងពីរ និងតាមសំណើរបស់ភាគីកូរ៉េខាងត្បូង ៕
ដោយ ឈូក បូរ៉ា

To Top