កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុនរថយន្ត Tesla របស់អាមេរិកបានផ្សាយ ដំណឹងឱ្យដឹងថា មជ្ឈមណ្ឌល Tesla ក្រុង Wulumuqi ដែលជាមជ្ឈមណ្ឌល Tesla ទីមួយនៅភូមិភាគស៊ីនជាំង បានបើកទ្វារជាផ្លូវការ ។ ប៉ុន្តែ ទង្វើនេះបានរងការវាយប្រហារ ពីអ្នកនយោបាយអាមេរិកមួយចំនួន ។ លោក Marco Antonio Rubio សមាជិកព្រឹទ្ធសភាអាមេរិក បានសម្តែងការខឹងក្រហោងរបស់ខ្លួន តាមប្រព័ន្ធទំនាក់ទំនងសង្គម Twitter ។
លោកស្រី Jen Psaki អ្នកនាំពាក្យវិមានស ក៏បានព្រមានក្រុមហ៊ុន Tesla ថា វានឹង “ប្រឈមមុខនឹងហានិភ័យ ដ៏ធ្ងន់ធ្ងរផ្នែកច្បាប់ កិត្តិនាមនិងអតិថិជន” ។ ពាក្យសម្តីរបស់ពួកគេសុទ្ធតែពាក់ព័ន្ធ នឹងអ្វីដែលហៅថា “សេចក្តីព្រាងច្បាប់របស់អាមេរិកស្ដីពី ការបង្ការការបង្ខំឱ្យធ្វើ ពលកម្មរបស់ជនជាតិវៃវូអឺ” ដែលបានចុះហត្ថលេខាទៅជាច្បាប់នៅសហរដ្ឋអាមេរិក នៅពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយអាមេរិកមួយចំនួន ប៉ុនប៉ងឆ្លងតាមរយៈសេចក្តីព្រាងច្បាប់នេះ ដើម្បីទប់ស្កាត់ទំនាក់ទំនងផ្នែកពាណិជ្ជកម្មនិងសេវាកម្មរវាងសហគ្រាសអាមេរិក និងភូមិភាគស៊ីនជាំងរបស់ចិន ។ ចំណែកទង្វើរបស់ក្រុមហ៊ុន Tesla នេះវិញ វាហាក់ដូចជាវាយមុខ របស់អ្នកនយោបាយអាមេរិកទាំងនោះ ។
តាមការពិត ក្នុងនាមជាសហគ្រាសអាមេរិកមួយ កិច្ចការរបស់ក្រុមហ៊ុន Tesla បានគ្របដណ្តប់ទីក្រុងចំនួន៦០ របស់ចិន និងបើកហាងលក់រថយន្តជាង ២០០កន្លែងនៅទូទាំងប្រទេសចិន ហើយបរិមាណរថយន្តដែលដាក់ ឱ្យប្រើប្រាស់នៅឆ្នាំ២០២១ នៃរោងចក្រក្រុងសៀងហៃ គឺត្រូវជាជិតពាក់កណ្តាលនៃ បរិមាណរថយន្តសរុបដែលដាក់ឱ្យប្រើប្រាស់នៅទូទាំងពិភពលោក នៃក្រុមហ៊ុននេះ ។
តើភូមិភាគស៊ីនជាំង ដ៏ពិតប្រាកដមានសភាពយ៉ាងណា?ក្រុមហ៊ុន Tesla បានផ្តល់ចម្លើយតាមរយៈ ការអនុវត្តជាក់ស្តែងរបស់ខ្លួន ។ ហើយជនបរទេសជាច្រើនដែលធា្លប់ទៅលេងនៅភូមិភាគស៊ីនជាំង ក៏បានឆ្លើយសំនួរនេះតាមរយៈ បទពិសោធន៍ផ្ទាល់ខ្លួនផងដែរ ។
នៅឆ្នាំ២០២០ ភូមិភាគស៊ីនជាំងបានទទួល អ្នកទេសចរសរុបចំនួន ១៥៨លាននាក់ ពួកគេបានឃើញដោយផ្ទាល់ភ្នែកនូវ ការអភិវឌ្ឍនៃភូមិភាគស៊ីនជាំង ហើយក៏បានកត់ត្រាដោយកញ្ចក់កាម៉េរ៉ា នូវខណៈពេលនិងទិដ្ឋភាព នីមួយៗនៅទីនោះផងដែរ ។ អ្នកនយោបាយអាមេរិក ដែលអង្គុយនៅលើកៅអីរញ្ជួយ ទាំងនោះគ្មានប៉ុន្មាននាក់ធ្លាប់ទៅទស្សនាភូមិភាគស៊ីនជាំងនោះទេ ។ ពាក្យកុហកដែលប្រឌិតចេញទាំងនោះ គ្រាន់តែបោកបញ្ឆោតខ្លួនឯងប៉ុណ្ណោះទេ ៕