ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់កំហិតលើការធ្វើការ ដំណើរចេញពីមូលដ្ឋានទ័ព នៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង

បរទេស៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនវ បានព្រមព្រៀងរក្សាឲ្យកងទ័ពរបស់ខ្លួន ស្ថិតនៅក្នុងមូលដ្ឋានយោធា ក្នុងប្រទេសជប៉ុន និងដាក់កំហិតលើសកម្មភាព ចេញក្រៅបន្ទាយនៅក្នុង ប្រទេសកូរ៉េខាងត្បូង ស្របពេលដែលមាន ករណីឆ្លងជម្ងឺកូវីដ១៩ កើនឡើង។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ កងកម្លាំងអាមេរិកប្រចាំប្រទេសជប៉ុន និងរដ្ឋាភិបាលជប៉ុន បានប្រកាសថា ច្បាប់នេះនឹងមានសុពលភាពនៅថ្ងៃចន្ទនេះ ហើយនឹងប្រព្រឹត្តទៅអស់រយៈពេល ១៤ថ្ងៃ។

នៅក្នុងសេចក្តីថ្លែងការណ៍រួម មួយកាលពីថ្ងៃអាទិត្យ កងកម្លាំងទ័ពអាមេរិកនៅជប៉ុន និងរដ្ឋាភិបាលជប៉ុន បាននិយាយយ៉ាងដូច្នេះថា “សហរដ្ឋអាមេរិកនិងប្រទេសជប៉ុន មានការប្តេជ្ញាធ្វើការងាររួមគ្នា ដើម្បីការពារសុខភាពរបស់ ប្រជាជនជប៉ុន និងសមាជិកទីភ្នាក់ងារអាមេរិក” ។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនោះ កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅក្នុងប្រទេសជប៉ុន ក៏មានការតម្រូវថា គ្រប់បុគ្គលទាំងអស់ ត្រូវតែពាក់ម៉ាស់ នៅពេលដែលចេញក្រៅ ពីទីកន្លែងស្នាក់នៅរបស់ខ្លួន គឺទាំងនៅខាងក្នុងមូលដ្ឋានទ័ព និងនៅខាងក្រៅមូលដ្ឋាន ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top