ព័ត៌មានអន្តរជាតិ

អង្គការសុខភាព ពិភពលោកព្រមានថា អូមីក្រុងគម្រាមកំហែង ដល់អ្នកមិនបានចាក់វ៉ាក់សាំង លើពិភពលោក

បរទេស ៖ ស្របពេលដែលកូវីដ១៩ បន្តរាតត្បាត និងប្រជាជនក្នុងប្រទេសក្រីក្រ ជាច្រើន នៅតែមិន ទាន់បានចាក់វ៉ាក់សាំង នៅឡើយនោះ អង្គការសុខភាពពិភពលោក កំពុងតែធ្វើការព្រមានថា ក្នុងខណៈដែលអូមីក្រុងបង្ក ឲ្យមានជម្ងឺធ្ងន់ធ្ងរ តិចជាង បើប្រៀបធៀប នឹងប្រភេទជម្ងឺកូវីដ១៩ ដទៃនោះ វានៅតែជាគ្រោះថ្នាក់ ជាពិសេស ចំពោះអ្នកមិនទាន់បានទទួល ថ្នាំវ៉ាក់សំាងការពារជីវិត ។

ទិន្នន័យបង្ហាញថា ស្របពេលដែលករណីជម្ងឺនេះ បណ្ដាលឲ្យមានអ្នកស្លាប់ មានចំនួនថេរ គឺប្រហែល ៥០.០០០នាក់ ក្នុងមួយសប្ដាហ៍ ដែលអគ្គលេខាធិការអង្គការ សុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែត កាលពីថ្ងៃពុធ ក្នុងទីក្រុងហ្សឺណែវនោះ គឺនៅតែជាចំនួនដ៏ខ្ពស់ហួស ។

លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ការរៀងរស់នៅជាមួយមេរោគ មិនមានន័យថា យើងអាច ឬក៏គួរតែទទួលយកនូវចំនួនអ្នកស្លាប់នេះនោះទេ។ យើងមិនត្រូវអនុញ្ញាតឲ្យមេរោគនេះ ជិះជាន់ឬក៏បក់បោក បានដោយសេរីនោះទេ ជាពិសេសនោះ គឺនៅពេលដែលមនុស្ស ជាច្រើននៅជុំវិញពិភពលោក នៅតែមិនទាន់បានចាក់ថ្នាំវ៉ាក់សាំងនោះ” ។

គួរបញ្ជាក់ថា យោងតាមគម្រោង Our World in Data របស់សាកលវិទ្យាល័យ Oxford University នោះ ថ្នាំវ៉ាក់សាំងជម្ងឺកូវីដ១៩ជាង៩,៥លានដូស ត្រូវបានផ្តល់ឲ្យនៅទូទាំងពិភពលោក ដោយជិត៦០ភាគរយ នៃអ្នកអាចចាក់វ៉ាក់សំាងទាំងអស់ បានទទួលយ៉ាងហោចណាស់ មួយដូស៕
ប្រែសម្រួល៖ប៉ាង កុង

To Top