បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bùi Thanh Sơn បានជួបពិភាក្សាជាមួយបេសកជនពិសេស របស់អគ្គលេខាធិការអង្គការ សហប្រជាជាតិទទួលបន្ទុកប្រទេស មីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer តាមរយៈ ប្រព័ន្ធវីដេអូ ពីទីក្រុងហាណូយកាលពីល្ងាចថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយបង្ហាញពីការព្រួយបារម្ភ អំពីអស្ថិរភាពក្នុងប្រទេសមីយ៉ាន់ម៉ា ភាគីទាំងពីរបានលើកឡើង ពីអាទិភាពបន្ទាន់ នៃការបញ្ចប់អំពើហិង្សា ការបង្កើនការគាំទ្រផ្នែកមនុស្សធម៌ សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា ខណៈពេលដែលការលើកកម្ពស់ការសន្ទនា និងការជឿទុកចិត្ត ដើម្បីស្វែងរកដំណោះស្រាយសន្តិភាព និងនិរន្តរភាព ដែលសាកសមនឹងប្រជាជនមីយ៉ាន់ម៉ា។
លោកស្រីក៏បានលើកឡើងផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្លុក ក្នុងការស្វែងរកដំណោះស្រាយ ចំពោះបញ្ហាមីយ៉ាន់ម៉ា ជាពិសេសការអនុវត្តការឯកភាព កូសង់ស៊ីស៥ចំណុច ហើយមានបំណងចង់ធ្វើជាដៃគូ ជាមួយបេសកជនពិសេស របស់ប្រធានអាស៊ាន និងអាស៊ានក្នុងអំឡុងពេល ដំណើរការនេះ។
លោក Sơn ថា វៀតណាម និងអាស៊ានតែងតែចាត់ទុកមីយ៉ាន់ម៉ា ជាសមាជិកនៃគ្រួសារអាស៊ាន ដូច្នេះក៏បានតាមដានស្ថានការណ៍នេះ យ៉ាងដិតដល់ និងជួយប្រទេសដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី៕ ប្រែសម្រួលៈ ណៃ តុលា