មន្រ្តីជំនាញ រកឃើញក្រុមហ៊ុនបៃស៊ីង សេង បញ្ចេញសំណល់រាវបង្កឱ្យមានការបំពុលទឹក បរិស្ថាន និងងាប់ត្រី ក្នុងអូរត្រែង នៅខេត្តបាត់ដំបង
បាត់ដំបង ៖ ក្រុមការងារក្រសួងបរិស្ថាន បានបន្តចុះពិនិត្យ ជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងរដ្ឋបាលស្រុករតនៈមណ្ឌល នៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ និងបានរកឃើញថា រោងចក្រផលិតដំណាប់ស្វាយ បៃស៊ីង សេង ស្ថិតនៅជាប់នឹងដងអូរត្រែង និងស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំង ដែលមានត្រីងាប់ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ បានបញ្ចេញសំណល់រាវ មិនបានធ្វើប្រព្រឹត្តកម្មសម្អាតត្រឹមត្រូវតាមប្រព័ន្ធលូបង្ហូរចេញពីទីតាំងផលិតកម្ម ចូលអូរត្រែងដោយផ្ទាល់ (ស្ថិតនៅចំណុចខាងកើតផ្នែកខាងជើងនៃទីតាំងរោងចក្រ)។

ក្រសួងបរិស្ថានតម្រូវឱ្យ៖
១- ផ្អាកផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវបានសាងសង់រួច និងដំណើរការអនុលោមតាមបទដ្ឋានបច្ចេកទេស។
២- រោងចក្រត្រូវធ្វើការបិទលូបង្ហូរទឹក (សំណល់រាវ ទឹកភ្លៀង) ទាំងអស់ កុំឲ្យមានទឹកហូរចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង។
៣- ក្រុមហ៊ុនទទួលរងពិន័យអន្តរការណ៍ករណីមិនរាងចាល និងត្រូវផ្តល់សំណងខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងរបស់មន្ត្រីជំនាញ។
៤- ក្រសួងបរិស្ថាននឹងបិតរោងចក្រជាស្ថាពរ ក្នុងករណីមិនគោរពតាមគោលការណ៍ខាងលើ ឬប្រព្រឹត្តកំហុសម្តងទៀត៕




