ព័ត៌មានអន្តរជាតិ

ហ្វីលីពីនថា “មិនអាចខ្វះបាន” លោកស្រី ស៊ូជី ត្រូវតែចូលរួមក្នុងដំណើរការ​សន្តិភាពមីយ៉ាន់ម៉ា

ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង​នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ថា រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បានថ្លែងនៅថ្ងៃអាទិត្យនេះថា មេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ពីតំណែង គឺលោកស្រី អ៊ុងសាន ស៊ូជី គឺ “មិនអាចខ្វះបានឡើយ” ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ​ដល់ប្រទេស​ ដែលគ្រប់គ្រងដោយយោធា ហើយត្រូវតែបញ្ចូលទៅក្នុង កិច្ចចរចាសន្តិភាពណាមួយ ដោយមិនគិតពីការផ្តន្ទាទោសរបស់គាត់ ។

នៅក្នុងការស្តីបន្ទោសយ៉ាងខ្លាំង ទៅលើរបបយោធាមីយ៉ាន់ម៉ា ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រី ស៊ូជី កាលពីឆ្នាំមុន លោក Teodoro Locsin បានថ្កោលទោសការកាត់ទោស កាលពីសប្តាហ៍មុនលើអ្នកឈ្នះរង្វាន់ណូបែល និងបានចោទប្រកាន់យោធាថា បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីកម្ទេចគូប្រជែងរបស់ខ្លួន ។

ផ្ទាំងពាណិជ្ជកម្ម

លោក Locsin បានលើកឡើងថា លោកនឹង “ទទួលយក” សុន្ទរកថារបស់រដ្ឋមន្ត្រីការបរទេសន័រវេស Anniken Huitfeldt ក្នុងការទាមទារ ឱ្យរបបយោធាដោះលែងអ្នកទោសនយោបាយ បញ្ឈប់អំពើហិង្សា និងការគោរពសិទ្ធិមនុស្ស ។

លោក Locsin បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការឈឺចាប់របស់ប្រជាជនស៊ីវិល” ។ “យើងក៏អំពាវនាវឱ្យថ្នាក់ដឹកនាំ យោធាចូលរួមក្នុងកិច្ចសន្ទនារួមមួយ និងបន្តដំណើរការផ្លាស់ប្តូរ ប្រជាធិបតេយ្យឡើងវិញ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×