Covid-19

កូរ៉េខាងត្បូង ដកចេញលើតម្រូវការឱ្យ បង្ហាញកាតចាក់វ៉ាក់សាំង នៅតាមទីកន្លែងដែលមាន ហានិភ័យឆ្លងទាប

បរទេស៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្លាស់ប្តូរទៅលើការអនុវត្តឱ្យ បង្ហាញកាតចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ នៅតាមហាងលក់រាយ និងផ្សារទំនើបធំៗ បន្ទាប់ពីមានសេចក្តីសម្រេច របស់តុលាការចេញបញ្ជាឱ្យផ្អាក ការអនុវត្តវ៉ាក់សាំងកាតព្វកិច្ច នៅតាមទីកន្លែងនានា។

យោងតាមសារព័ត៌មាន Korea Times ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងសុខាភិបាល និងសុខុមាលភាព បានប្រកាសនៅថ្ងៃច័ន្ទថា បណ្ណចាក់វ៉ាក់សាំងនេះ គឺប្រើនៅទីកន្លែងច្រើនប្រភេទចំនួនប្រាំមួយ រួមមាន ហាងលក់រាយ និងហាងលក់ទំនិញធំៗ បន្ទប់សិក្សា សារមន្ទីរ បណ្ណាល័យ សាលារៀន និងរោងមហោស្រព នឹងត្រូវបានលើកនៅថ្ងៃអង្គារ។

អាជ្ញាធរបាននិយាយថា ទីកន្លែងទាំងនេះមានហានិភ័យទាប នៃការចម្លងមេរោគ ដោយសារអ្នកទៅ គឺអាចពាក់ម៉ាសបានត្រឹមត្រូវនៅទីនោះ ដោយបន្ថែមថា វ៉ាក់សាំងកាតព្វកិច្ចនឹងនៅតែមាន នៅកន្លែងដែលមាន ហានិភ័យខ្ពស់ផ្សេងទៀត ដូចជាភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងហាត់ប្រាណ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Kwon Deok-cheol បាននិយាយក្នុងកិច្ចប្រជុំ ឆ្លើយតបនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃចន្ទថា “សមត្ថភាពផ្នែកវេជ្ជសាស្រ្ត របស់យើងបានកើនឡើង ហើយការឆ្លងកំពុងបង្ហាញសញ្ញា នៃការថយចុះបើប្រៀបធៀប ទៅនឹងខែធ្នូឆ្នាំមុន នៅពេលដែលវ៉ាក់សាំងត្រូវបាន ពង្រីកដល់កន្លែងប្រើប្រាស់ច្រើន” ។

លោកបានបន្ថែមថា “ដូច្នេះ យើងយល់ថា វាចាំបាច់ក្នុងការបន្ធូរបន្ថយ តម្រូវការបង្ហាញកាតចាក់វ៉ាក់សាំង នៅតាមកន្លែងដែលមានហានិភ័យទាប និងកាត់បន្ថយការ ភាន់ច្រឡំជាសាធារណៈ ដោយសារគោលនយោបាយដាក់ ឱ្យនៅដាច់ពីគេតាមតំបន់” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top