ព័ត៌មានអន្តរជាតិ

ហ្វីលីពីន នឹងទទួលបាន ឧទ្ធម្ភាគចក្រ Black Hawk ថ្មីចំនួន៣២គ្រឿង

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន កំពុងតែទិញឧទ្ធភាគចក្រ S-70i Black Hawk ចំនួន៣២គ្រឿង ពីក្រុមហ៊ុន PZL Mielec ជាសាខារបស់ក្រុមហ៊ុន Sikorsky Aircraft មានមូលដ្ឋាននៅប៉ូឡូញ ដើម្បីពង្រឹងកងកម្លាំង ឧទ្ធម្ភាគចក្រ មានចំនួន១២គ្រឿង ស្រាប់ ស្របពេលខ្លួនស្វះស្វែងជំរុញបង្កើនសមត្ថភាពឆ្លើយតប គ្រោះមហន្តរាយ ។

រដ្ឋមន្ត្រីការពារជាតិ លោក Delfin Lorenzana បាននិយាយថា ការជូនដំណឹង គឺត្រូវបានចេញនៅថ្ងៃទី២៨ ខែធ្នូ សម្រាប់ការទិញ ឧទ្ធម្ភាគចក្រថ្មី នៅក្រោមគម្រោងមួយ ដែលមកជាមួយការ ឧទ្ធម្ភាគចក្រដឹកជញ្ជូន និងកញ្ចប់ហ្វឹកហាត់សម្រាប់ពីឡុត និងបុគ្គលិកផ្នែកជួសជុល ក្នុងតម្លៃ៦២៤ដុល្លារ ។

លោកបានមានប្រសាសន៍បន្តថា កុងត្រា នាពេលបច្ចុប្បន្ននេះ កំពុងតែត្រូវបានព្រាង ដោយការបញ្ជូនឧទ្ធម្ភាគចក្រ៥គ្រឿងដំបូង ត្រូវគេរំពឹងថា នឹងនៅក្នុងឆ្នាំ២០២៣ ចំណែកឯនៅសេសសល់ នឹងត្រូវបញ្ជូនឲ្យក្នុង៣ដំណាក់កាល គឺ១០គ្រឿងក្នុងឆ្នាំ២០២៤ ១០គ្រឿងក្នុងឆ្នាំ២០២៥ និង៧គ្រឿងក្នុងឆ្នាំ២០២៦។

តាមសេចក្តីរាយការណ៍ លោក Lorenzana បានមានប្រសាសន៍យ៉ាងដូច្នេះថា “កង្វះខាតយន្តហោះនិងឧទ្ធម្ភាគចក្រដឹកជញ្ជូន មិនដែលមានភាពធ្ងន់ធ្ងរជាងនៅក្នុងអំឡុងរោគរាតត្បាត និងនៅក្រោយមានព្យុះទីហ្វុងនោះទេ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top