ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់មនុស្ស៦ នាក់បាត់បង់ជីវិត ក្រោយមានករណី បំផ្ទុះគ្រាប់បែកអត្តឃាតនៅសូម៉ាលី

ម៉ូហ្គាឌីស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ថា ប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងរដ្ឋធានី ម៉ូហ្គាឌីស៊ូ (Mogadishu) ប្រទេសសូម៉ាលី កាលពីល្ងាចថ្ងៃអង្គារ ។

ប៉ូលិសបានឲ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដែលពាក់អាវបំផ្ទុះដែលរុំជុំវិញចង្កេះរបស់គាត់បានបំផ្ទុះខ្លួនឯងនៅឯភោជនីយដ្ឋានមួយដែលមានទីតាំងនៅជិតជំរុំហ្វឹកហ្វឺនយោធាក្នុងទីក្រុង ។

មន្ត្រីប៉ូលិសម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ដល់ស៊ិនហួតាមទូរស័ព្ទថា “យើងអាចបញ្ជាក់បានថា មនុស្ស៦នាក់ត្រូវបានសម្លាប់ និង១០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត” ។

សាក្សីបានឲ្យដឹងថា ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការដើម្បីបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ ដោយបន្ថែមថា ការផ្ទុះបានធ្វើឲ្យរបើកដំបូលភោជនីយដ្ឋាន ។

ផ្ទាំងពាណិជ្ជកម្ម

លោក Mukhtar Mohamed ដែលជាសាក្សីម្នាក់បាននិយាយថា “ខ្ញុំបានឃើញកងសន្តិសុខប្រដាប់អាវុធជាច្រើនមកដល់កន្លែងកើតហេតុ ។

គួរបញ្ជាក់ផងដែរថា នៅមិនទាន់មានការអះអាងពីការទទួលខុសត្រូវចំពោះការវាយប្រហារចុងក្រោយនេះនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top