ព័ត៌មានអន្តរជាតិ

អង់គ្លេសថា រុស្ស៊ីកំពុងរៀបចំផែនការ លើកបន្តុបមេដឹកនាំអ៊ុយក្រែន ដែលមាននិន្នាការគាំទ្ររុស្ស៊ី នៅអ៊ុយក្រែន

បរទេស៖ ការិយាល័យបរទេសរបស់ ចក្រភពអង់គ្លេសបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសៅរ៍ថា ខ្លួនមានព័ត៌មានថា រដ្ឋាភិបាលរុស្ស៊ីកំពុងរៀបចំផែនការ “ដើម្បីលើកបន្តុបមេដឹកនាំ ដែលគាំទ្ររុស្ស៊ីនៅក្នុងទីក្រុង គៀវ ខណៈដែលខ្លួនកំពុងពិចារណា ថាតើត្រូវឈ្លានពាន និងកាន់កាប់អ៊ុយក្រែនដែរឬទេ”។

យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការិយាល័យកិច្ចការបរទេស និងអភិវឌ្ឍន៍អង់គ្លេសបាននិយាយថា “អតីតសមាជិកសភាអ៊ុយក្រែន លោក Yevhen Murayev កំពុងត្រូវបានចាត់ទុកថា ជាបេក្ខជនដ៏មានសក្តានុពល”។ លោក Murayev បានប្រាប់ CNN កាលពីថ្ងៃសៅរ៍ថា “មិនមានអ្វីត្រូវធ្វើអត្ថាធិប្បាយទេ” ទាក់ទងនឹងការចោទប្រកាន់នេះ ដោយសារគាត់ជាជនជាតិអ៊ុយក្រែន ហើយនៅតែប្រឈមមុខនឹងទណ្ឌកម្មរុស្ស៊ី។

សេចក្តីថ្លែងការណ៍បានបន្តដាក់ ឈ្មោះអតីតមន្ត្រីអ៊ុយក្រែន បួននាក់ផ្សេងទៀត ដោយនិយាយថា “យើងមានព័ត៌មានថា សេវាចារកម្មរុស្ស៊ីរក្សាទំនាក់ទំនង ជាមួយអតីតអ្នកនយោបាយ អ៊ុយក្រែនជាច្រើន” រួមទាំងលោក Serhiy Arbuzov ឧបនាយករដ្ឋមន្ត្រីទីមួយនៃ ប្រទេសអ៊ុយក្រែនពីឆ្នាំ ២០១២ ដល់ ២០១៤ និងនាយករដ្ឋមន្ត្រីស្តីទី ក្នុងឆ្នាំ ២០១៤; Andriy Kluyev ឧបនាយករដ្ឋមន្ត្រីទីមួយពីឆ្នាំ ២០១០ ដល់ ២០១២ និងជាប្រធានបុគ្គលិកដល់ អតីតប្រធានាធិបតីអ៊ុយក្រែនលោក Yanukovich , លោក Vladimir Sivkovich អតីតអនុប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន (RNBO); Mykola Azarov នាយករដ្ឋមន្ត្រីអ៊ុយក្រែនពីឆ្នាំ ២០១០-២០១៤។

សេចក្តីថ្លែងការណ៍របស់ ការិយាល័យបរទេសអង់គ្លេស បានបន្ថែមថា “មួយចំនួននៃទាំងនេះ មានទំនាក់ទំនងជាមួយ មន្ត្រីចារកម្មរុស្ស៊ីដែលជាប់ពាក់ព័ន្ធ ក្នុងការរៀបចំផែនការសម្រាប់ ការវាយប្រហារលើអ៊ុយក្រែន” ។ រុស្ស៊ីបានបដិសេធការចោទប្រកាន់ថា ខ្លួនមានគម្រោងវាយប្រហារ អ៊ុយក្រែននេះផងដែរ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top