ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជូនឯកអគ្គរដ្ឋទូតថ្មី ទៅកាន់ជប៉ុន ក្រោយទំនេរ កន្លែងជាង ២ឆ្នាំ

តូក្យូ ៖ ឯកអគ្គរដ្ឋទូតថ្មី របស់សហរដ្ឋអាមេរិក ប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បានមកដល់ប្រទេស ជប៉ុន កាលពីថ្ងៃអាទិត្យ ដោយបំពេញមុខតំណែងសំខាន់ ដែលនៅទំនេរ អស់រយៈពេលជាងពីរឆ្នាំ និងទទួលយកភារកិច្ចសំខាន់ ក្នុងការពង្រឹងសម្ព័ន្ធភាព របស់ប្រទេសរបស់ពួកគេ ចំពេលមានឥទ្ធិពលតែខ្លាំងឡើង របស់ប្រទេសចិននៅក្នុងតំបន់ ។

អតីតជំនួយការកំពូល របស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលមានអាយុ ៦២ឆ្នាំរូបនេះ ត្រូវ បានគេស្គាល់ ដោយសារទំនាក់ទំនងជិតស្និទ្ធ របស់លោកជាមួយប្រធានាធិបតី អាមេរិកលោក ចូ បៃដិន ។

លោក Emanuel បានទទួលការទុកចិត្តពីលោក បៃដិន នៅពេលដែលលោកធ្វើជាប្រធានបុគ្គលិក សេតវិមាន ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១០ សម្រាប់រដ្ឋបាលលោក អូបាម៉ា ដែលលោក បៃដិន កាលពីពេលនោះ បានធ្វើជាអនុប្រធានាធិបតី ។

បន្ទាប់ពីការមកដល់ប្រទេសជប៉ុន លោក Emanuel បានសរសេរនៅលើ Twitter ថាលោកនិងភរិយា “រំភើបចិត្តដែលបានមកដល់ប្រទេសជប៉ុន ហើយចង់ជួបប្រជាជនជប៉ុន នៅពេលដែលយើង ធ្វើដំណើរទូទាំងប្រទេស”។

គួរបញ្ជាក់ថា តំណែងឯកអគ្គរដ្ឋទូតអាមេរិក នៅទំនេរចាប់តាំងពីលោក William Hagerty បានលាលែងពីតំណែងក្នុងខែកក្កដា ឆ្នាំ២០១៩ ដើម្បីឈរឈ្មោះ សម្រាប់ព្រឹទ្ធសភា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

បន្ថែមពីប្រវត្ដិការងារ របស់លោក Emanuel លោកក៏បានបម្រើការជា អភិបាលក្រុង Chicago ពីរអាណត្តិពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ និងជាសមាជិកសភាតំណាងរាស្រ្ត ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ ៕
ដោយ ឈូក បូរ៉ា

To Top