ព័ត៌មានអន្តរជាតិ

ណាតូ នឹងធ្វើការសម្រេចចិត្ត លើគោលជំហរទ័ព ចំពោះអ៊ុយក្រែន

បរទេស៖ អនុទីប្រក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jonathan Finer បានមានប្រសាសន៍នៅថ្ងៃអង្គារនេះថា អង្គការសម្ពន្ធមិត្តយោធាណាតូ នឹងធ្វើការសម្រេចចិត្តទាំងស្រុង លើភាពអាចទៅរួចនៃការចល័តកងទ័ព ស្របពេលមានវិបត្តិរវាងរុស្ស៊ី និងអ៊ុយក្រែនកំពុងតែប្រព្រឹត្តទៅ។

នៅក្នុងបទសម្ភាសន៍មួយ លោក Jonathan Finer បាននិយាយប្រាប់កាសែត CNN យ៉ាងដូច្នេះថា “នោះនឹងជាការសម្រេចចិត្តមួយ សម្រាប់ឲ្យសម្ពន្ធមិត្តធ្វើឡើង គឺអង្គការសម្ពន្ធមិត្ត នឹងធ្វើការសម្រេចចិត្តស្តីពីភាព បត់បែននៃគោលជំហររបស់កងកម្លាំង ប៉ុន្តែពួកគេត្រៀមខ្លួនរួចរាល់ដើម្បីទៅភ្លាម នៅពេលដែលសម្ពន្ធមិត្តសម្រេចចិត្ត”។

គួរបញ្ជាក់ថា នាពេលថ្មីៗនេះ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក ក៏បាននិយាយថា ខ្លួនបានដាក់ឲ្យកងទ័ពអាមេរិកចំនួន ៨.៥០០ ឲ្យធ្វើការប្រុងប្រៀបខ្ពស់ ដើម្បីបញ្ជូនទៅកាន់ តំបន់អឺរ៉ុបភាគខាងកើត ស្របពេលមានភាពតានតឹងកើនឡើង ជុំវិញការប្រមូលផ្តុំយោធារបស់រុស្ស៊ី នៅតាមព្រំដែនជាប់ប្រទេសអ៊ុយក្រែន។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីនាំពាក្យរបស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក John Kirby បានមានប្រសាសន៍ប្រាប់ ដល់អ្នកសារព័ត៌មានថា “បទបញ្ជាឲ្យត្រៀមធ្វើការបញ្ជូន” នោះ គឺត្រូវបានចេញដោយ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ចំពោះកងទ័ពដែលប្រចាំការ នៅបន្ទាយមួយចំនួន ប៉ុន្តែកងទ័ពទាំងនោះ នៅមិនទាន់ធ្វើការដំណើរការ ជាផ្លូវការនោះទេ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×