ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Pfizer, BioNTech ចាប់ផ្តើមការ​សាកល្បង វ៉ាក់សាំងជំងឺកូវីដ-១៩ ដោយកំណត់គោលដៅ ទម្រង់ឆ្លងអូមីក្រុង

បឺលីន ៖ ប្រភពពីក្រុមហ៊ុន បានឲ្យដឹងថា ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាល្លឺម៉ង់ BioNTech និងក្រុមហ៊ុន អាមេរិក Pfizer បានចាប់ផ្តើមការ សាកល្បង វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលមានមូលដ្ឋានប្រឆាំង នឹងទម្រង់ឆ្លងថ្មីអូមីក្រុង ចំពោះមនុស្សពេញវ័យ ដែលមានសុខភាពល្អ ដែលមានអាយុពី ១៨ ទៅ ៥៥ឆ្នាំ ។

ការសាកល្បង នឹងវាយតម្លៃសុវត្ថិភាព ភាពអត់ធ្មត់ និងភាពស៊ាំ របស់បេក្ខជនវ៉ាក់សាំង នេះបើយោងតាមសេចក្តី ថ្លែងការណ៍រួមមួយ។ ការសិក្សានេះ នឹងមានអ្នកចូលរួមរហូតដល់ ១៤២០នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Ugur Sahin នាយកប្រតិបត្តិ (CEO)និង ជាសហស្ថាបនិកនៃក្រុមហ៊ុន BioNTech បានលើកឡើងថា “ការសិក្សានេះ គឺជាផ្នែកមួយ នៃវិធីសាស្រ្តផ្អែកលើវិទ្យាសាស្ត្រ របស់យើងក្នុងការ អភិវឌ្ឍ វ៉ាក់សាំង ដែលមានមូលដ្ឋាន ប្រសិទ្ធភាពលើទម្រង់ឆ្លង ដែលសម្រេចបាននូវ កម្រិតការពារស្រដៀងគ្នា ប្រឆាំងនឹងមេរោគ អូមីក្រុង ដូចដែលខ្លួនបានធ្វើជាមួយនឹងទម្រង់ឆ្លងមុនៗ ប៉ុន្តែមានរយៈពេលយូរ ជាងការការពារ”។

ក្រុមអ្នកចូលរួមដំបូង ដែលមានអ្នកស្ម័គ្រចិត្តប្រហែល ៦០០នាក់ បានទទួលវ៉ាក់សាំង BioNTech/Pfizer ចំនួន ២ ដូសរួចហើយនៅចន្លោះ ៩0ថ្ងៃទៅ ១៨០ថ្ងៃមុនពេលចាប់ផ្តើមការសិក្សា។ យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា ពួកគេនឹងទទួលថ្នាំវ៉ាក់សាំង ការពារវីរុសអូមីក្រុង មួយ ឬពីរដូស។

ក្រុមទី២ ដែលស្ទើរតែមានទំហំធំនឹងរាប់បញ្ចូលទាំងបុគ្គល ដែលបានទទួលវ៉ាក់សាំងចំនួន ៣ដូសរួចហើយនោះ ហើយអ្នកដែលនឹងទទួលបានវ៉ាក់សាំង BioNTech/Pfizer មួយដូស ឬវ៉ាក់សាំងដែលមានមូលដ្ឋាន ប្រសិទ្ធភាពលើទម្រង់អូមីក្រុង ។

ក្រុមទី៣ នឹងរួមបញ្ចូលមនុស្សប្រហែល ២០០ នាក់ដែលមិនបានទទួលថ្នាំបង្ការ ដែលពីមុនមិនមានផ្ទុក មេរោគកូវីដ-១៩ ។ មនុស្សនៅក្នុងក្រុមនេះ នឹងទទួលបានវ៉ាក់សាំងថ្មី ដែលមានមូលដ្ឋានប្រសិទ្ធភាព លើទម្រង់អូមីក្រុង ចំនួន ៣ដូស នេះបើយោងតាមសេចក្តីថ្លែងការណ៍៕

ដោយ ឈូក បូរ៉ា

To Top