ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ថា ជនអន្តោប្រវេសន៍ខុសច្បាប់ជិត៩០០នាក់ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរសមុទ្រនៃប្រទេសលីប៊ី ហើយបាននាំមកកាន់ប្រទេសលីប៊ីវិញ កាលពីសប្តាហ៍មុន នេះបើតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក ហៅកាត់ (IOM) បានប្រកាសកាលពីថ្ងៃចន្ទ ។
អង្គការ IOM បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមករា ជនចំណាកស្រុកចំនួន ៨៧២នាក់ត្រូវបានជួយសង្គ្រោះ ឬស្ទាក់ចាប់នៅលើដែនសមុទ្រ ហើយត្រូវបាននាំត្រឡប់ទៅប្រទេសលីប៊ីវិញ ។
តួលេខនេះត្រូវបានបូកបន្ថែមជនអន្តោប្រវេសន៍ខុសច្បាប់សរុបចំនួន១.៤៧៦នាក់ត្រូវបានជួយសង្គ្រោះ និងនាំត្រឡប់ទៅលីប៊ីវិញនៅក្នុងឆ្នាំនេះ ។
បើយោងតាម IOM ជនអន្តោប្រវេសន៍ខុសច្បាប់២៧នាក់បានស្លាប់និង៥៥នាក់បានបាត់ខ្លួនពីឆ្នេរសមុទ្រលីប៊ីនៅលើផ្លូវទឹកនៅលើដែនសមុទ្រមេឌីទែរ៉ាណេ គិតចាប់តាំងពីដើមឆ្នាំនេះ ។
អង្គការា IOM បានបង្ហាញថា ក្នុងឆ្នាំ២០២១ ជនអន្តោប្រវេសន៍ខុសច្បាប់សរុបចំនួន៣២.៤២៥នាក់ត្រូវបានជួយសង្គ្រោះ និងនាំត្រឡប់ទៅលីប៊ីវិញ ខណៈដែល៦៦២នាក់បានស្លាប់និង៨៩១នាក់ផ្សេងទៀតបានបាត់ខ្លួនពីឆ្នេរសមុទ្រលីប៊ីនៅលើទឹកផ្លូវនៃដែនសមុទ្រមេឌីទែរ៉ាណេ ។
គេបានដឹងថា ប្រទេសលីប៊ី បានទទួលរងនូវអសន្តិសុខ និងចលាចលចាប់តាំងពីការដួលរលំនៃអតីតមេដឹកនាំ Muammar Gaddafi ក្នុងឆ្នាំ២០១១ ។ ប្រទេសនៅអាហ្រ្វិកខាងជើងមួយនេះ បានប្រែក្លាយទៅជាចំណុចល្អបំផុតនៃការចាកចេញសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ដែលចង់ឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេឆ្ពោះទៅកាន់ច្រាំងអឺរ៉ុប ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា