បរទេស ៖ សមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz បានចោទប្រកាន់ប្រធានាធិបតី អាមេរិកលោក Joe Biden ថាជាហេតុផល ពិតប្រាកដ ចំពោះការកើនឡើង នៃភាពតានតឹង រវាងលោកខាងលិច និង ប្រទេសរុស្ស៊ី ដោយ សំអាងថា ការដឹកនាំរបស់លោក បានជួយធ្វើឱ្យស្ថានការណ៍ កាន់តែអាក្រក់ឡើងនៅទូទាំង ព្រំដែនរួមគ្នាជាមួយអ៊ុយក្រែន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងព្រឹទ្ធសភាកាលពីថ្ងៃព្រហស្បតិ៍ លោក Cruz បានណែនាំថា ភាពតានតឹងកើនឡើងខ្ពស់ នៅជុំវិញអឺរ៉ុបខាងកើត គឺដោយសារតែ “អ្នកកាន់កាប់ ការិយាល័យ Oval” ថ្មី (ការិយាល័យប្រធានាធិបតីអាមេរិក) ហើយបានចោទសួរថា ហេតុអ្វីបានជាមិនមានការ គំរាមកំហែង នៃ ការលុកលុយរបស់រុស្ស៊ីកាលពីឆ្នាំមុន។
លោកបានចោទសួរថា «ហេតុអ្វីបានជាវាមិនកើតឡើងនៅឆ្នាំ 2018, 2019, ឬ 2020? តើមានអ្វីផ្លាស់ប្តូរ? លោក បានសួរដោយបញ្ជាក់ថា តំណែងប្រធានាធិបតី របស់លោក Biden គឺជាកត្តាជំរុញឲ្យមានការកើនឡើង នៃភាពតានតឹងដែលបានឃើញ ក្នុងប៉ុន្មានខែថ្មីៗនេះ។
ព្រឹទ្ធសមាជិកលោក Cruz បានបន្តចោទប្រកាន់លោក Biden ពីការបង្ហាញ “ភាពទន់ខ្សោយ និងការធ្វើឱ្យអន់ ស្ទើរតែភ្លាមៗ បន្ទាប់ពីគាត់បានដាក់ដៃលើព្រះគម្ពីរ” ដោយ លើកហេតុផលថា ប្រធានាធិបតីបានដំណើរ ការតិចតួចចាប់តាំងពីការឡើង កាន់អំណាចរបស់គាត់កាលពីខែមករាឆ្នាំមុន ៕
ប្រែសម្រួលៈ ណៃ តុលា