ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់គ្មានគំនិតផ្តួចផ្តើម​ ទទួលបានពីអាមេរិកនោះទេ ក្នុងកិច្ចចរចានុយក្លេអ៊ែរ ទីក្រុងវីយែន

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា រហូតមកដល់ពេលនេះ អ៊ីរ៉ង់មិនទាន់ទទួលបានអត្ថបទ ដែលបានស្នើឡើងពីសហរដ្ឋអាមេរិក នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នោះទេ។

លោក Hossein Amir Abdollahian បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍រដ្ឋ IRIB ថា ប្រទេសអ៊ីរ៉ង់ បានមើលឃើញថា “មិនមានគំនិតផ្តួចផ្តើមដ៏ហ្មត់ចត់ ឬគួរឱ្យកត់សម្គាល់” ពីសហរដ្ឋអាមេរិកនោះទេ។

លោកបានបន្ថែមថា ការចរចានឹងសម្រេចបាន នូវវឌ្ឍនភាពដោយផ្អែកលើទស្សនៈ និងកិច្ចព្រមព្រៀង របស់អ្នកជំនាញ ដែលលទ្ធផលនឹងជា “កិច្ចព្រមព្រៀងដ៏ល្អ” ដែលនឹងបម្រើផលប្រយោជន៍ របស់ប្រទេស និងប្រជាជនរបស់ខ្លួន។

រដ្ឋមន្ត្រីអ៊ីរ៉ង់ បានលើកឡើងថា ទីក្រុងតេអេរ៉ង់ស្វាគមន៍ ចំពោះបទបញ្ជាប្រតិបត្តិ ឬវិធានការណាមួយ របស់រដ្ឋបាលលោក បៃដិន ដែលនឹងនាំទៅដល់ការដកទណ្ឌកម្ម ដែលបានដាក់ឡើងវិញ បន្ទាប់ពីការដកឯកតោភាគី របស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ។

លោក Amir Abdollahian បានបន្ដថា “អ្វីដែលសំខាន់សម្រាប់ពួកយើង គឺសកម្មភាពរបស់ភាគីអាមេរិក។ យើងមើលទៅលើអ្វី ដែលកើតឡើង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅពេលសួរអំពីលទ្ធភាព នៃកិច្ចព្រមព្រៀងបណ្តោះអាសន្នរយៈពេលពីរឆ្នាំ លោកបានលើកឡើងថា “យើងកំពុងស្វែងរកកិច្ចព្រមព្រៀង ដ៏ល្អមួយ មិនមែនជាការកំណត់ ដែលមានរយៈពេល ជាក់លាក់ណាមួយនោះទេ”។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនកំពុងលើកលែងទណ្ឌកម្ម លើកម្មវិធីនុយក្លេអ៊ែរស៊ីវិល របស់អ៊ីរ៉ង់ ដែលអនុញ្ញាតឱ្យមានគម្រោង សហប្រតិបត្តិការនុយក្លេអ៊ែរអន្តរជាតិ ៕ដោយ៖ ឈូក បូរ៉ា

To Top