ព័ត៌មានអន្តរជាតិ

ធនាគារកណ្តាលថៃ រក្សាគោលនយោបាយ​​​ មិនផ្លាស់ប្តូរអត្រាការប្រាក់ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

បាងកក ៖ ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាស កាលពីថ្ងៃពុធ ដើម្បីរក្សាអត្រាការ ប្រាក់គោលរបស់ខ្លួន មិនផ្លាស់ប្តូរម្តងទៀត ក្នុងកម្រិតទាបបំផុតដើម្បីជួយគាំទ្រដល់កំណើនសេដ្ឋកិច្ច នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារថៃ (MPC) បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីរក្សាអត្រាគោលនយោបាយ របស់ខ្លួននៅកម្រិត ០,៥ភាគរយ សម្រាប់កិច្ចប្រជុំ លើកទី១៤ ជាប់ៗគ្នា និងចាប់តាំងពីខែឧសភា ឆ្នាំ២០២០ ដោយលើកឡើងថា ហានិភ័យធ្លាក់ចុះ ចំពោះកំណើនមានភាព ប្រសើរឡើង ប៉ុន្តែហានិភ័យអតិផរណាកើនឡើង ដោយសារតែការកើនឡើង តម្លៃថាមពល និងអាហារ។

ប្រភពពី MPC បានឲ្យដឹងថា ខ្លួនរំពឹងថាសេដ្ឋកិច្ចរបស់ប្រទេសនឹងបន្តងើបឡើងវិញ ដោយសារទម្រង់ឆ្លងថ្មីអូមីក្រុង នៃជំងឺកូវូដ-១៩ នឹងដាក់សម្ពាធមានកម្រិត លើប្រព័ន្ធសុខភាពសាធារណៈ ដោយបន្ថែមថា ខ្លួននឹងតាមដានយ៉ាងដិតដល់នូវការ វិវត្តនៃស្ថានភាពជំងឺរាតត្បាត។

គណៈកម្មាធិការបានរំពឹងថា កំណើនរបស់ប្រទេសនៅឆ្នាំនេះនឹងត្រូវបាន ជំរុញដោយការពង្រីកការនាំចេញ និងការកើនឡើងនៃភ្ញៀវទេសចរ បរទេសដោយសារតែការបន្ធូរបន្ថយ ការរឹតបន្តឹងការធ្វើដំណើរ លឿនជាងការរំពឹងទុក។ ទោះជាយ៉ាងណាក៏ដោយ ចំនួនអ្នកទេសចរបរទេស ដែលមកដល់នៅឆ្នាំនេះ នឹងនៅតែទាបជាងកម្រិតមុនការរាតត្បាតជំងឺ ។

ប្រភពក៏នឹងតាមដានការអភិវឌ្ឍន៍ទីផ្សារការងារ ក៏ដូចជាផល ប៉ះពាល់នៃថ្លៃដើមរស់នៅខ្ពស់ ដោយសារប្រាក់ចំណូល មិនទាន់ទទួលបានមកវិញពេញ លេញ។

កាលពីថ្ងៃពុធ ប្រទេសថៃ បានកត់ត្រាករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣,១៨២ករណីដែលជាករណីប្រចាំថ្ងៃខ្ពស់បំផុតក្នុងរយៈពេលជិត ៥ ខែ និងមានអ្នកស្លាប់ចំនួន ២៤នាក់ទៀតក្នុងរយៈពេល ២៤ម៉ោងមុន នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩៕
ដោយ ឈូក បូរ៉ា

To Top