ព័ត៌មានអន្តរជាតិ

ប្រេស៊ីល រកឃើញអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មី ជាង៥៨.០០០នាក់

សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសប្រេស៊ីល បានរាយការណ៍ ពីករណីកូវីដ-១៩ថ្មីចំនួន ៥៨.៥៤០នាក់ និងការស្លាប់ចំនួន៤៧៣នាក់ទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនទូទំាងប្រទេស កើនឡើងដល់២៧.៥៣៨.៥០៣នាក់ និងអ្នកស្លាប់ចំនួន៦៣៨.៨៣៥នាក់ ។ ក្រុមប្រឹក្សាលេខាធិការដ្ឋាន សុខាភិបាលជាតិ ហៅថា (CONASS) បានឲ្យដឹងកាលពីថ្ងៃចន្ទ។

ស្របពេលរលកថ្មី នៃការឆ្លង ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Omicron ដែលអាចឆ្លងបានខ្ពស់ មធ្យមភាគ នៃការឆ្លងប្រចាំថ្ងៃ រយៈពេល៧ថ្ងៃ បានឈានដល់១៣៤.១៣០នាក់ ខណៈដែលការផ្លាស់ប្តូរ ជាមធ្យម រយៈពេល៧ថ្ងៃ នៃការស្លាប់មានចំនួន៨៨៨នាក់ ដែលដូចគ្នាទៅនឹងតួលេខ នៅក្នុងខែសីហា ឆ្នាំ២០២១ នេះបើយោងតាម CONASS ។

ផ្ទាំងពាណិជ្ជកម្ម

យ៉ាងហោចណាស់រដ្ឋចំនួន៩ ក្នុងចំណោមរដ្ឋទាំង ២៦នៅក្នុងប្រទេសប្រេស៊ីល រួមទាំងរដ្ឋធានី Brasilia ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីសប្តាហ៍មុន ដោយអត្រាស្នាក់នៅក្នុងមន្ទីរពេទ្យ កើនឡើងដល់៨០ភាគរយ ។

ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ខ្ពស់ ជាងគេទី២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប្រទេស ដែលមានករណីឆ្លងច្រើន ជាងគេលំដាប់ទី៣ របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។ ប្រទេសនេះបានចុះបញ្ជីជាង ៤លានករណី គិតតែនៅក្នុងខែមករាប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top