ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការព្រួយបារម្ភ ចំពោះការទទួលស្គាល់ របស់រុស្ស៊ី លើរដ្ឋឯករាជ្យចំនួន២ នៅភាគខាងកើតអ៊ុយក្រែន

យូអិន ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់រុស្ស៊ី លើស្ថានភាព នៃទីក្រុង Donetsk និង Lugansk របស់អ៊ុយក្រែន ។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យដោយទទួលស្គាល់ “សាធារណរដ្ឋប្រជាមានិត Lugansk (LPR)” និង “សាធារណរដ្ឋប្រជាមានិត Donetsk (DPR)” ជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព នៅភាគខាងកើតអ៊ុយក្រែន ។

សេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំងបានឲ្យដឹងថា នៅក្នុងពិធីមួយដែលធ្វើឡើង នៅក្នុងវិមានក្រឹមឡាំង លោកពូទីន ក៏បានចុះហត្ថលេខាលើ សន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញ ទៅមករវាងរុស្ស៊ី និង LPR និង DPR រៀងៗខ្លួនជាមួយប្រមុខនៃ “សាធារណរដ្ឋទាំងពីរ” ។

លោកពូទីន បានឲ្យដឹង នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ទៅកាន់ប្រជាជាតិថា “ខ្ញុំចាត់ទុកថាវាចាំបាច់ ដើម្បីធ្វើការសម្រេចចិត្ត ដើម្បីទទួលស្គាល់ភ្លាមៗ នូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ DPR និង LPR” ។

លោកបានប្រាប់សាធារណជនថា “រុស្ស៊ីបានធ្វើអ្វីគ្រប់យ៉ាង ដើម្បីការពារបូរណភាពទឹកដី របស់អ៊ុយក្រែន” ដោយប្រយុទ្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងមីនស៍ ឆ្នាំ២០១៥ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងអស់ បានបញ្ចប់ដោយឥតប្រយោជន៍ ៕

ដោយ ឈូក បូរ៉ា

To Top