ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីរុស្ស៊ី ជំរុញឱ្យក្រុមយោធានៅអ៊ុយក្រែន ដណ្តើមអំណាចពីរដ្ឋាភិបាល

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃសុក្រថា កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន គួរតែ “ដណ្តើមអំណាច” នៅក្នុងប្រទេស និងចរចាសន្តិភាពជាមួយទីក្រុងម៉ូស្គូ។ លោកពូទីន ក៏បានចោទប្រកាន់រដ្ឋាភិបាលក្រុងគៀវ និង “ពួកណាស៊ីនិយម” ពីការប្រើប្រាស់ជនស៊ីវិលជា “ខែលការពារ” ចំពេលមានការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា លោកពូទីនបាននិយាយថា យោធាអ៊ុយក្រែនមិនត្រូវអនុញ្ញាតឱ្យរដ្ឋាភិបាលរបស់ពួកគេប្រើ “កូន ប្រពន្ធ និងមនុស្សជាទីស្រឡាញ់របស់ពួកគេ ជាខែលការពារឡើយ” , ។

ប្រធានាធិបតីរុស្ស៊ីបាននិយាយថា «យកអំណាចមកក្នុងដៃរបស់អ្នក!» ដោយលើកហេតុផលថា កងទ័ពនឹងក្លាយជាដៃគូចរចាល្អជាង “ក្រុមអ្នកញៀនថ្នាំ និងពួកនិយមណាស៊ី” ដែលលោកបានអះអាងថា “បានកាន់កាប់ខ្លួនពួកគេនៅក្នុងទីក្រុងគៀវ” ហើយបានចាប់ប្រជាជន “ធ្វើជាចំណាប់ខ្មាំង” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top