ព័ត៌មានអន្តរជាតិ

Update: អាមេរិក យល់ព្រម បង្កកទ្រព្យសម្បត្តិ របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន

បរទេស៖ សេតវិមានបានចាត់វិធានការដ៏កម្រ ប៉ុន្តែដ៏មានឥទ្ធិពល នៃការដាក់ទណ្ឌកម្មផ្ទាល់ខ្លួន ទៅលើមេដឹកនាំពិភពលោក ដោយចូលរួមជាមួយចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ក្នុងការថ្កោលទោស លោក ពូទីន ចំពោះការលុកលុយដោយយោធា ចូលប្រទេសអ៊ុយក្រែន។

យោងតាមសារព័ត៌មាន US News ចេញផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki បានបញ្ជាក់កាលពីថ្ងៃសុក្រថា លោកប្រធានាធិបតី Joe Biden បានយល់ព្រមចូលរួម ជាមួយសម្ព័ន្ធមិត្តអឺរ៉ុប ដែលបង្កកទ្រព្យសម្បត្តិផ្ទាល់ខ្លួន របស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ។

លោកស្រី Psaki បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃសុក្រថា “បន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទ ដែលប្រធានាធិបតី Biden បានធ្វើឡើងជាមួយ ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ហើយស្របតាមការសម្រេចចិត្ត របស់សម្ព័ន្ធមិត្តអឺរ៉ុបរបស់យើង សហរដ្ឋអាមេរិក នឹងចូលរួមជាមួយពួកគេ ក្នុងការដាក់ទណ្ឌកម្មប្រធានាធិបតី ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Lavrov និងសមាជិក នៃក្រុមសន្តិសុខជាតិរុស្ស៊ី ផ្សេងទៀត៕ ប្រែសម្រួលៈ ណៃ តុលា

To Top