ព័ត៌មានអន្តរជាតិ

News Update៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ នៅឥណ្ឌូនេស៊ី បណ្តាលឲ្យស្លាប់ និងរបួសជាង៩០នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ថា ពលរដ្ឋចំនួន ៧នាក់បានស្លាប់ និង៨៥នាក់ផ្សេងទៀត បានរងរបួស ខណៈដែលគ្រោះរញ្ជួយដីកម្រិត ៦.១រ៉ិចទ័រ បានបំផ្លាញអគារផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធ ជាង១ម៉ឺនខ្នង នៅខេត្តភាគខាងលិចកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ។

នៅមុននេះ ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ ហៅកាត់(BMKG) បានចេញរបាយការណ៍មួយ ដោយលើកឡើងថា ការរញ្ជួយដីបានវាស់វែង កម្រិត៦,២រ៉ិចទ័រ មុនពេលកែប្រែសម្រួល ទៅជា៦,១រ៉ិចទ័រ ដែលជាប្រធានទីភ្នាក់ងារ Dwikorita Karnawati បានលើកឡើងយ៉ាងដូច្នេះ ។

លោក Abdul Muhari អ្នកនាំពាក្យស្តីទីនៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយជាតិ បានលើឡើងថា ពលរដ្ឋ៣នាក់ត្រូវបានស្លាប់ នៅក្នុងស្រុក Pasaman Barat និង៤នាក់ទៀតនៅស្រុក Pasaman ដោយបន្ថែមថា អ្នករងរបួសទាំងអស់៨៥នាក់ ត្រូវបានកត់ត្រានៅក្នុងស្រុកទាំង២ ដែលជាតំបន់រងគ្រោះខ្លាំងបំផុត ដោយគ្រោះមហន្តរាយនេះ។

លោកបានលើកឡើងថា គ្រោះមហន្តរាយធម្មជាតិ បានបង្ខំឲ្យពលរដ្ឋ ប្រហែល៥.០០០នាក់ ត្រូវភៀសខ្លួនចេញពីផ្ទះ ហើយទៅជ្រកកោន នៅមជ្ឈមណ្ឌលជម្លៀស ចំនួន៣៥កន្លែង ។

អ្នកនាំពាក្យរូបនេះបានឲ្យដឹងទៀតថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកបាត់ខ្លួន និងអ្នកដែលរងផលប៉ះពាល់ កំពុងដំណើរការនៅឡើយ ដោយមានការចូលរួម ពីក្រុមការងារចម្រុះ ដែលរួមមានប៉ូលិស បុគ្គលិកភ្នាក់ងារគ្រោះមហន្តរាយ ទាហាន អ្នកជួយសង្គ្រោះ អ្នកស្ម័គ្រចិត្ត និងអ្នកស្រុកផងដែរ ។

លោកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមការងាររួមនៅតែ ផ្តោតលើការស្វែងរក ការសង្គ្រោះ និងការជម្លៀស ក៏ដូចជាសេវាកម្មសម្រាប់អ្នកដែល រងផលប៉ះពាល់ដោយរញ្ជួយដី” ។

លោកឧត្តមសេនីយ៍ឯក Suharyanto ប្រធានទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិ បានបញ្ជាក់ថា តម្រូវការជំនួយសង្គ្រោះបន្ទាន់ គួរតែត្រូវបានរៀបចំភ្លាមៗ បន្ទាប់ពីការរញ្ជួយដី ។

លោក Jumaidi បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួ ថា ការរញ្ជួយបានបំផ្លាញផ្ទះ និងអគារជាង ១០.០០០នាក់ នៅក្នុងស្រុក Pasaman និងស្រុក Pasaman Barat ដែលជាប្រធានអង្គភាពប្រតិបត្តិការ នៃទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយ នៃខេត្ត West Sumatra លោក Jumaidi ។

ទីភ្នាក់ងារ BMKG បានឲ្យដឹងថា គ្រោះរញ្ជួយដីបានញ័រ នៅម៉ោង៨និង៣៩នាទីព្រឹក ម៉ោងនៅទីក្រុងហ្សាការតា ត្រូវនឹងម៉ោង១និង៣៩នាទីម៉ោងសកល ដោយចំណុចកណ្តាល នៃគ្រោះរញ្ជួយដីគឺស្ថិតនៅចម្ងាយ ១៧គីឡូម៉ែត្រភាគឦសាន នៃស្រុក Pasaman Barat និងជម្រៅ១០គីឡូម៉ែត្រនៅក្រោមផែនដី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top