ព័ត៌មានអន្តរជាតិ

ស្លាប់ និងរបួសជាង៣០នាក់ នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នៅភាគនីរតី នៃប្រទេសប៉ាគីស្ថាន

ឥស្លាម៉ាបាដ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នំា២០២២ថា យ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់ និង២៤នាក់ផ្សេងទៀត រងរបួសកាលពីល្ងាចថ្ងៃពុធ នៅក្នុងការបំផ្ទុះ មួយនៅទីក្រុង Quetta ភាគនីរតីនៃប្រទេសប៉ាគីស្ថាន នេះបើតាមមន្ត្រីម្នាក់ បាននិយាយដូច្នេះ ។

អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយ នៃនាយកដ្ឋានសុខាភិបាល នៃខេត្ត Balochistan ភាគនីរតីនៃប្រទេស ប៉ាគីស្ថាន Waseem Baig បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស៣នាក់ រួមទាំងមន្ត្រីប៉ូលិសម្នាក់ បានស្លាប់នៅក្នុងការបំផ្ទុះនេះ ។

ប៉ូលិសក្នុងតំបន់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ការបំផ្ទុះបានកើតឡើងនៅជិតរថយន្តប៉ូលិស នៅក្នុងផ្សារដ៏មមាញឹកមួយ ដែលមានទីតាំងនៅផ្លូវ Fatima Jinnah នៃទីក្រុង ។

ប៉ូលិស កម្លាំងសន្តិសុខ និងក្រុមជួយសង្គ្រោះ បានប្រញាប់ប្រញាល់ទៅដល់កន្លែង ហើយបានបញ្ជូនសាកសព និងអ្នករបួសទៅកាន់មន្ទីរពេទ្យផងដែរ ។
ប៉ូលិសបានបន្ថែមថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀត ខណៈដែលអ្នករបួស៥នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

ប៉ូលិសបានឲ្យដឹងថា ស្នងការរងនគរបាលម្នាក់បានបាត់បង់ជីវិត ចំណែកប៉ូលិស២នាក់ទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការបំផ្ទុះនេះ នេះបើយោងតាមរបាយការណ៍ក្នុងស្រុក ។

ក្រុមប៉ូលិសកម្ចាត់គ្រាប់បែក កំពុងស៊ើបអង្កេត ដើម្បីបញ្ជាក់ពីលក្ខណៈនៃការបំផ្ទុះនេះ។

ប៉ូលិស និងកម្លាំងសន្តិសុខ បានបិទតំបន់នោះ ហើយបានបើកប្រតិបត្តិការរុករក ។

នៅមិនទាន់មានក្រុម ឬបុគ្គលណាមួយអះអាង ពីការបំផ្ទុះនេះនៅឡើយទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top