ព័ត៌មានអន្តរជាតិ

ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ជះឥទ្ធិពលយ៉ាងអាក្រក់ ទៅលើសេដ្ឋកិច្ច របស់តួកគី

អង់ការ៉ា៖ អ្នកជំនាញបានឲ្យដឹងថា ការធ្លាក់ចុះ នៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន និងការដំឡើងអត្រា ការប្រាក់ ដែលរំពឹងទុក ដោយធនាគារកណ្តាលអាមេរិក ក្នុងខែមីនា អាចនឹងដាក់សម្ពាធបន្ថែមលើសេដ្ឋកិច្ចតួកគី ដែលងាយរងគ្រោះ ដែលកំពុងប្រយុទ្ធប្រឆាំង នឹងអតិផរណាខ្ពស់ និងរូបិយប័ណ្ណខ្សោយ។

លោក Yalcin Karatepe សេដ្ឋវិទូតួកគី បានប្រាប់ស៊ីនហួថា “វាហាក់បីដូចជាប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែន នឹងមិនមានភាពរហ័ស រហួននោះទេ ហើយនឹងបន្តទៅមុខមួយរយៈ វានឹងមានផលវិបាកសម្រាប់សេដ្ឋកិច្ចតួកគី ដែលកំពុងផុយស្រួយ” ។

សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុ នៅសកលវិទ្យាល័យ Ankara បានពន្យល់ថា រូបិយប័ណ្ណតួកគី បានធ្លាក់ថ្លៃជាង ២ភាគរយ បន្ទាប់ពីប្រតិបត្តិការយោធារុស្ស៊ី បានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ។

ប្រាក់លីរ៉ា របស់តួកគីបានធ្លាក់ចុះដល់កម្រិតទាបធៀប នឹងប្រាក់ដុល្លារអាមេរិក កាលពីឆ្នាំមុន ដោយបានបាត់បង់ ៤៤ភាគរយនៃតម្លៃរបស់វា បន្ទាប់ពីធនាគារកណ្តាល បានកាត់បន្ថយអត្រាការ ប្រាក់របស់ខ្លួនស្របតាមគំរូសេដ្ឋកិច្ច ដែលការពារដោយប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan ។

ការរួមបញ្ចូលគ្នា នៃ គោលនយោបាយរូបិយវត្ថុ ដែលធូររលុង និង ការកើនឡើងតម្លៃ ថាមពលសកល បានជំរុញ ឱ្យអតិផរណាប្រចាំឆ្នាំឡើង ដល់កម្រិតខ្ពស់រយៈពេលពីរទសវត្សរ៍គឺ ៤៨,៧ ភាគរយ នៅ ក្នុងខែមករា ចំពេលមានការកើនឡើង តម្លៃម្ហូបអាហារ និងឧបករណ៍ប្រើប្រាស់ ហើយអតិផរណាត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ពេញមួយឆ្នាំ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top