ព័ត៌មានអន្តរជាតិ

Update: ប្រទេសហុងគ្រី បញ្ជាក់ម្តងទៀតថា មិនបញ្ជូនទ័ព និងអាវុធ ឱ្យអ៊ុយក្រែន និងមិនឱ្យប្រើប្រាស់ទឹកដីខ្លួន សម្រាប់ជំនួយយោធា ណាមួយឡើយ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយកាលពីថ្ងៃពុធ ដោយបញ្ជាក់ជំហរ របស់រដ្ឋាភិបាលទីក្រុង Budapest ឡើងវិញថា ប្រទេសហុងគ្រី នឹងមិនអនុញ្ញាតឱ្យឆ្លងកាត់ ឬផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនឡើយ ចំពេលមានជម្លោះយោធា ដែលកំពុងបន្តជាមួយរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Peter Szijjartoថា «យើងបានសម្រេចចិត្តដូចសម្ព័ន្ធមិត្ត របស់យើងដែរ គឺ មិនបញ្ជូនទ័ព និង មិនបញ្ជូនអាវុធទេ ហើយយើងមិនអនុញ្ញាត ឱ្យមានការផ្គត់ផ្គង់ អាវុធធុនធ្ងន់ ឆ្លងកាត់ប្រទេសហុងគ្រី បាននោះដែរ»។

លោក Szijjarto បានបន្ថែមថា ប្រទេសហុងគ្រី បានដាក់ពង្រាយកងទ័ព បន្ថែមទៅកាន់ព្រំដែនភាគខាងកើត របស់ខ្លួន ដើម្បីការពារការជ្រៀត ចូលដ៏មានសក្តានុពល ដោយក្រុមប្រដាប់អាវុធ ដែលមិនបានបញ្ជាក់ពីប្រទេសជិតខាងអ៊ុយក្រែន ។ លោកបានពន្យល់ថា ទីក្រុង Budapest ស្វែងរកការការពារ ពលរដ្ឋ របស់ខ្លួន ក៏ដូចជាជនជាតិហុងគ្រី ដែលរស់នៅភាគខាងលិច នៃប្រទេសអ៊ុយក្រែន ចំពេលមានជម្លោះ ដោយសារតែការដឹកជញ្ជូន យោធាអាចក្លាយជាគោលដៅ យ៉ាងងាយស្រួលសម្រាប់ការវាយប្រហារ ដែលអាចកើតមាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top