ព័ត៌មានអន្តរជាតិ

Update: នាយករដ្ឋមន្រ្តីអង់គ្លេស មិនគាំទ្រគំនិតនៃ ការធ្វើឃាតទៅលើ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន

បរទេស៖ អ្នកនាំពាក្យរបស់លោក Boris Johnson បាននិយាយកាលពីថ្ងៃសុក្រថា នាយករដ្ឋមន្ត្រីអង់គ្លេសគឺលោក Boris Johnson មិនគាំទ្រគំនិតចង់សម្លាប់ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីនទេ ។

នៅពេលសួរដោយអ្នកសារព័ត៌មាន ថាតើគាត់យល់ស្របជាមួយ សមាជិកព្រឹទ្ធសភាអាមេរិក Lindsey Graham ដែលបានអំពាវនាវឱ្យ “នរណាម្នាក់នៅក្នុងប្រទេសរុស្ស៊ី” ធ្វើឃាតមេដឹកនាំប្រទេសរុស្ស៊ី ឬអត់នោះ អ្នកនាំពាក្យរបស់លោក Johnson បានច្រានចោលគំនិតនេះ យ៉ាងម៉ឺងម៉ាត់ភ្លាមៗផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យលោក Boris Johnsonថា «ទេ, យើងឈរជាមួយប្រជាជនអ៊ុយក្រែន ក្នុងការទាមទារឲ្យបញ្ចប់ការ ឈ្លានពានរបស់រុស្ស៊ីជាបន្ទាន់។ យើងបាននិយាយពីមុនថា លោកពូទីនត្រូវតែទទួលខុសត្រូវ ចំពោះមុខតុលាការអន្តរជាតិចំពោះទង្វើ ដ៏អាក្រក់ដែលគាត់បានប្រព្រឹត្ត»។

ផ្ទាំងពាណិជ្ជកម្ម

ការអំពាវនាវដ៏ចម្លែកនេះ ត្រូវបានចេញពីសមាជិកព្រឹទ្ធសភា កំពូលអាមេរិក កាលពីថ្ងៃពុធ ដោយលោក Graham បានអំពាវនាវឱ្យមានការធ្វើឃាត ដោយភ្ជាប់ទៅនឹងការធ្វើឃាតពីមុន ទៅលើមេដឹកនាំផ្តាច់ការរ៉ូម៉ាំង Julius Caesar និងផែនការសម្លាប់ មេដឹកនាំណាស៊ីអាល្លឺម៉ង់ Adolf Hitler ដែលជាឧទាហរណ៍នៃ អ្វីដែលគួរធ្វើនៅក្នុងគំនិតរបស់គាត់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top