ព័ត៌មានអន្តរជាតិ

រុស្ស៊ី មិនទទួលខុសត្រូវ ចំពោះការឡើងថ្លៃ​ តម្លៃថាមពលនោះទេ

ម៉ូស្គូ៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Alexander Novak បានលើកឡើងថា ប្រទេសរុស្ស៊ី មិនមានអ្វីពាក់ព័ន្ធនឹងការកើនឡើង តម្លៃថាមពលនាពេលបច្ចុប្បន្ន និងការប្រែប្រួលនៅក្នុងទីផ្សារនោះទេ។

លោកបានកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អឺរ៉ុបប្រើប្រាស់ឧស្ម័នប្រហែល ៥០០ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ហើយ ៤០ភាគរយមកពីប្រទេសរុស្ស៊ី ដោយលោកបានហៅប្រទេស របស់លោកថា “តែងតែជាដៃគូដែលអាចទុកចិត្តបាន” ។

ក្រុមហ៊ុនឧស្សាហកម្មឧស្ម័នយក្ស Gazprom របស់រុស្ស៊ី ឥឡូវនេះកំពុងបំពេញកាតព្វកិច្ច កិច្ចសន្យារបស់ខ្លួន យ៉ាងពេញលេញក្នុងការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប។ លោក Novak បានសង្កត់ធ្ងន់ដោយបន្ថែមថា ប្រទេសរុស្ស៊ីផ្តល់ប្រហែល ៣០ភាគរយនៃការប្រើប្រាស់ ប្រេងរបស់អឺរ៉ុប និងជាអ្នកផ្គត់ផ្គង់ធំបំផុតរបស់ខ្លួន។

លោក Novak បានបន្ដថា ប្រទេសរុស្ស៊ី បានបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងពេញលេញ ហើយផលិតផលប្រេង និងប្រេងកំពុងត្រូវបានដឹកជញ្ជូន ទៅកាន់ទីផ្សារអឺរ៉ុបតាមការគ្រោងទុក។ តម្លៃថាមពលបានឡើងថ្លៃ ដោយសារជំងឺរាតត្បាតកូវីដ-១៩ ហើយថ្មីៗនេះ ដោយសារតែជម្លោះរុស្ស៊ី និងអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top