ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ជំរុញឲ្យមានគំនិតផ្តួចផ្តើម ពីគ្រប់ភាគីដើម្បីពន្លឿន កិច្ចចរចានៅទីក្រុងវីយែន

តេអេរ៉ង់៖ មន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់ បានជំរុញឱ្យភាគីទាំងអស់ ដែលពាក់ព័ន្ធក្នុងកិច្ចចរចានុយក្លេអ៊ែរ នៅរដ្ឋធានីវីយែនរបស់ប្រទេសអូទ្រីស ឱ្យដាក់ចេញនូវគំនិតផ្តួចផ្តើម ដើម្បីពន្លឿនការបញ្ចប់ កិច្ចព្រមព្រៀងនុយក្លេអ៊ែរ។

លេខាធិការនៃក្រុមប្រឹក្សា សន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់លោក Ali Shamkhani បានសរសេរនៅលើបណ្ដាញ Twitter ថា “ការរំពឹងទុកនៃកិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន នៅតែមិនច្បាស់លាស់ ដោយសារតែការពន្យារពេល របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការសម្រេចចិត្តផ្នែកនយោបាយ” ។

លោក Shamkhani បានឲ្យដឹងថា អាទិភាពរបស់អ្នកចរចាអ៊ីរ៉ង់ គឺការដោះស្រាយបញ្ហាដែល នៅសេសសល់ដែលត្រូវ បានចាត់ទុកថា បានឆ្លងកាត់ខ្សែបន្ទាត់ក្រហម របស់ប្រទេស។

លោកបានកត់សម្គាល់ថា “ការឈានទៅរកកិច្ចព្រមព្រៀង ដ៏ខ្លាំងមួយតម្រូវឱ្យមានគំនិត ផ្ដួចផ្ដើមថ្មីពីគ្រប់ភាគី” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

អ៊ីរ៉ង់ និងភាគីដែលនៅសេសសល់ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា JCPOA បច្ចុប្បន្នកំពុងចូលរួម ក្នុងការចរចានៅទីក្រុងវីយែន ដើម្បីស្វែងរកមធ្យោបាយដោះស្រាយ ជម្លោះអំពីការរស់ឡើងវិញនៃ JCPOA ។

របាយការណ៍ពីទីក្រុងវីយែនស្នើថា អ្នកចរចាគឺ “ខិតកាន់តែជិតទៅនឹងកិច្ចព្រមព្រៀង ជាមួយនឹងបញ្ហាសំខាន់ៗមួយចំនួន ដែលនៅសេសសល់ ដែលទាមទារ “ការសម្រេចចិត្តនយោបាយ” របស់ភាគី ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top