ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិក ដាក់សម្ពាធលើលោក បៃដិន ឲ្យជួយផ្ទេរយន្តហោះចម្បាំងអឺរ៉ុប ទៅកាន់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ សមាជិកសភាសហរដ្ឋអាមេរិក បានជំរុញរដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន ដើម្បីជួយសម្រួលដល់ការផ្ទេរ យន្តហោះចម្បាំងទៅកាន់អ៊ុយក្រែន ពីប្រទេសប៉ូឡូញ និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើត បន្ទាប់ពីមានការអង្វរកាលពីថ្ងៃសៅរ៍ ពីប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។

សេតវិមានបានឲ្យដឹងថា ខ្លួនមិនប្រឆាំងនឹងយន្តហោះ ដែលត្រូវបានបញ្ជូនទៅអ៊ុយក្រែននោះទេ ប៉ុន្តែបានឃើញបញ្ហាប្រឈម ផ្នែកដឹកជញ្ជូនចំពោះវា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

ប្រធានគណៈកម្មាធិការទំនាក់ទំនង បរទេសព្រឹទ្ធសភាលោក Bob Menendez បានសរសេរទៅកាន់ រដ្ឋមន្រ្តីការបរទេសលោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin ដោយអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោន ប្តេជ្ញាជំនួសយន្តហោះ ដែលបានបរិច្ចាគជាមួយនឹង យន្តហោះលោកខាងលិច ដែលបានធ្វើឱ្យប្រសើរឡើង រួមទាំងតាមរយៈការផ្តល់ ហិរញ្ញប្បទានសម្បទាន និងប្រាក់កម្ចី ព្រមទាំងតម្លៃឧបត្ថម្ភធនផងដែរ។

លោកក៏បានឲ្យដឹងផងដែរថា អង្គការ NATO គួរតែដាក់ពង្រាយឡើងវិញនូវយន្តហោះចម្បាំង ទៅកាន់មូលដ្ឋានណាមួយ ដែលយន្តហោះដែលបានបរិច្ចាគ បានឈរជើង។

លោក Zelenskyy បានធ្វើ “ការអង្វរដោយអស់សង្ឃឹម សម្រាប់បណ្តាប្រទេសអ៊ឺរ៉ុប ដើម្បីផ្តល់យន្តហោះដែលផលិតដោយរុស្ស៊ី” សម្រាប់ការប្រយុទ្ធរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ក្នុងអំឡុងពេលការហៅទូរស័ព្ទ ជាវីដេអូកាលពីថ្ងៃសៅរ៍ជាមួយ សមាជិកសភាសហរដ្ឋអាមេរិក។

កងកម្លាំងទ័ពអាកាសជាច្រើន នៅអឺរ៉ុបខាងកើតហោះហើរយន្តហោះចម្បាំង ដែលផលិតដោយរុស្ស៊ី ហើយការផ្ទេរយន្តហោះបែបនេះ ទៅកាន់អ៊ុយក្រែនមានន័យថា ប្រជាជនអ៊ុយក្រែនអាចបើកយន្តហោះ បានដោយមិនចាំបាច់មាន ការហ្វឹកហ្វឺនបន្ថែម ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top