ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ បដិសេធ បញ្ជូនយន្តហោះចម្បាំង ទៅឱ្យអ៊ុយក្រែន

បរទេស ៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz កាលពីថ្ងៃពុធ បានច្រានចោល ក្នុងការបញ្ជូនយន្តហោះចម្បាំងទៅឱ្យរដ្ឋាភិបាលទីក្រុងគៀវ ក្នុងរយៈពេលជាច្រើនម៉ោង ទៅកាន់សំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky សម្រាប់ការគាំទ្រពីប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្ត ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Scholz បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានរួម ជាមួយនាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeauថា “យើងបានផ្តល់សម្ភារៈការពារ គ្រប់ប្រភេទ ហើយ … បានបញ្ជូនអាវុធ ដែលយើងបានប្រាប់អ្នក ប៉ុន្តែវាក៏ជាការពិតផងដែរ ដែលយើងត្រូវពិចារណាឱ្យបានហ្មត់ចត់ នូវអ្វីដែលយើងធ្វើជាក់ស្តែង ហើយច្បាស់ណាស់ យន្តហោះចម្បាំងមិនមែន ជាផ្នែកនៃនោះទេ” ។

ការសម្រេចចិត្តរបស់អធិការបតីអាល្លឺម៉ង់ ក្នុងការបដិសេធការផ្តល់យន្តហោះ ដល់អ៊ុយក្រែននេះ បានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពីសហរដ្ឋអាមេរិក បានបដិសេធសំណើ របស់ប៉ូឡូញក្នុងការផ្តល់យន្តហោះចម្បាំង MiG-29 ដល់ទីក្រុងគៀវ តាមរយៈមូលដ្ឋានទ័ពអាកាសអាមេរិក ក្នុងប្រទេសអាល្លឺម៉ង់ ដោយអះអាងថា សំណើនេះបង្កើន “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ” សម្រាប់សម្ព័ន្ធមិត្តណាតូ ៕ប្រែសម្រួលៈ ណៃ តុលា

To Top