ព័ត៌មានអន្តរជាតិ

ហូឡង់ ប្រកាសកញ្ចប់ ជំនួយជាង ៣ពាន់លានដុល្លារ ដើម្បីទប់ទល់ នឹងការកើនឡើង តម្លៃថាមពល និងអតិផរណា

ហូឡង់ ៖ រដ្ឋាភិបាលប្រទេសហូឡង់ បានប្រកាសអំពីកញ្ចប់ជំនួយ ចំនួន ២,៨ពាន់លានអឺរ៉ូ (ប្រហែល ៣,០៥ពាន់លានដុល្លារអាមេរិក) ដើម្បីទប់ទល់នឹងការកើនឡើង តម្លៃថាមពល និងអតិផរណា ដែលបន្តកើនឡើង ។

រដ្ឋមន្ត្រីសង្គមកិច្ច និងការងារលោកស្រី Karien van Gennip បានលើកឡើងថា ប្រាក់ឧបត្ថម្ភ ថាមពលមួយដង សម្រាប់គ្រួសារ ដែលមានប្រាក់ចំណូលទាប នឹងត្រូវបានបង្កើនពី ២០០ អឺរ៉ូដល់ ៨០០ អឺរ៉ូ ។

លើសពីនេះ ពន្ធលើតម្លៃបន្ថែមលើថាមពល នឹងត្រូវកាត់បន្ថយពី ២១ ភាគរយមកនៅត្រឹម ៩ ភាគរយ ខណៈដែលពន្ធលើប្រេងឥន្ធនៈ និងប្រេងម៉ាស៊ូត នឹងត្រូវកាត់បន្ថយ ២១ភាគរយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងលិខិតផ្ញើជូនសភា លោកស្រីរដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលកំពុងចាត់វិធានការ ដើម្បីជួយប្រជាជន ដែលមានប្រាក់ចំណូលទាប និងមធ្យម ដើម្បីទប់ទល់នឹងការកើនឡើង តម្លៃថាមពល និងអតិផរណាដែលបន្តកើតមាន ។

អតិផរណាអាចកើនឡើង យ៉ាងខ្លាំងដល់ ៥,២ ភាគរយនៅឆ្នាំនេះ ភាគច្រើនដោយសារតែតម្លៃ ថាមពលកើនឡើង។ លោកស្រីបន្តថា ទន្ទឹមនឹង នេះ អំណាច ទិញត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះជាមធ្យម ២,៧ ភាគរយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top