ព័ត៌មានអន្តរជាតិ

លោក Biden នឹងបំពេញទស្សនកិច្ចទៅអឺរ៉ុប ទោះកំពុងមានជម្លោះ នៅអ៊ុយក្រែនក្តី

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់អឺរ៉ុបនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមកិច្ចប្រជុំអង្គការណាតូ នាទីក្រុងប្រ៊ូសែល ជុំវិញការសម្រេចចិត្តរបស់អង្គការយោធានេះ ទៅនឹងរុស្សីដែលកំពុង លុកលុយអ៊ុយក្រែន។

កិច្ចប្រជុំនេះផងដែរនឹងត្រូវ បានគេរំពឹងទុកថាធ្វើឡើង ដើម្បីជាជំនួបនៃបណ្តាមេដឹកនាំ របស់អឺរ៉ុបក្នុងការពិភាក្សាគ្នា បន្តដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសរុស្សី នេះបើយោងតាមការអះអាង របស់លោក Jen Psaki មន្ត្រីជាន់ខ្ពស់នៃសេតវិមានអាមេរិក។

លោក Biden នឹងចូលរួមជាមួយនឹងបណ្តាមេដឹកនាំ របស់ណាតូនៅប្រទេសប៊ែលហ្ស៊ិក នាថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដើម្បីបន្ថែមទណ្ឌកម្មទោះបីជាកន្លងមកអឺរ៉ុប និងអាមេរិក បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ជាច្រើនទៅឲ្យរុស្សីហើយក្តី។

គួរឲ្យដឹងដែរថានេះគឺជា ដំណើរទស្សនកិច្ចលើកដំបូង របស់មេដឹកនាំអាមេរិកលោក Biden រូបនេះគិតចាប់តាំងតែ ពីពេលកើតឡើងនៃជម្លោះ ខណៈដែលអនុប្រធានាធិបតី អាមេរិកលោកស្រី Kamala Harris បានបំពេញទស្សនកិច្ចនៅអឺរ៉ុបភាគខាងកើត កាលពីសប្តាហ៍មុនលោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Tony Blinken បានបំពេញទស្សនកិច្ចនៅប៊ែលហ្ស៊ិក ប៉ូឡូញ ម៉ាដុលវ៉ា និងរដ្ឋប៉ាល់តិក កាលពីដើមខែ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top