ព័ត៌មានអន្តរជាតិ

Update៖ អូស្ត្រាលី ហាមប្រាមមិនឲ្យមាន ការនាំចេញអាលុយមីញ៉ូម និងសារធាតុរ៉ែផ្សេងៗទៀត ទៅកាន់រុស្ស៊ី

កង់ប៉េរ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ថា រដ្ឋាភិបាលបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា ប្រទេសអូស្ត្រាលី បានដាក់បម្រាមភ្លាមៗលើការនាំចេញ សារធាតុអាលុយមីញ៉ូ និងរ៉ែអាលុយមីញ៉ូម រួមទាំងសារធាតុបុកស៊ីត ទៅកាន់ប្រទេសរុស្ស៊ី ដែលជាផ្នែកនៃទណ្ឌកម្ម ដែលកំពុងបន្តប្រឆាំងនឹងទីក្រុងម៉ូស្គូ សម្រាប់ការឈ្លានពានអ៊ុយក្រែន ។

រដ្ឋាភិបាលអូស្ត្រាលី បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍រួមមួយ ពីក្រសួងជាច្រើន រួមទាំងការិយាល័យ នាយករដ្ឋមន្ត្រីផងដែរថា “រុស្ស៊ី ពឹងផ្អែកលើប្រទេសអូស្ត្រាលី សម្រាប់តម្រូវការអាលុយមីញ៉ូម ជិត២០ភាគរយ” ។ ក្រសួងបានឲ្យដឹងទៀតថា ការផ្លាស់ប្តូរនេះ នឹងកំណត់សមត្ថភាពរបស់រុស្ស៊ី ក្នុងការផលិតអាលុយមីញ៉ូម ដែលជាការនាំចេញដ៏សំខាន់សម្រាប់រុស្ស៊ី ។

សេចក្តីថ្លែងការណ៍បានដាក់ថា ”រដ្ឋាភិបាលនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកនាំចេញ និងស្ថាប័នកំពូលដែលនឹងរងផលប៉ះពាល់ ដោយការហាមឃាត់ដើម្បីស្វែងរកថ្មី និងពង្រីកទីផ្សារដែលមានស្រាប់” ។

ផ្ទាំងពាណិជ្ជកម្ម

ក្រុមហ៊ុនរុករករ៉ែ ដ៏ធំរបស់អង់គ្លេស-អូស្ត្រាលី ឈ្មោះ Rio Tinto កាន់កាប់ភាគហ៊ុន៨០ភាគរយ នៅក្នុងក្រុមហ៊ុន Queensland Alumina Limited (QAL) ក្នុងការបណ្តាក់ទុនរួមគ្នា ជាមួយក្រុមហ៊ុន Rusal International PJSC របស់រុស្ស៊ី ដែលជាក្រុមហ៊ុនផលិតអាលុយមីញ៉ូមធំទី២ របស់ពិភពលោក ។

គួររំលឹកថា កាលពីសប្តាហ៍មុន អូស្ត្រាលីបានដាក់ទណ្ឌកម្ម លើពាណិជ្ជកររុស្ស៊ី២នាក់ ដែលមានទំនាក់ទំនងជាមួយ ឧស្សាហកម្មរ៉ែរបស់ខ្លួន ដែលម្នាក់ក្នុងចំណោមពួកគេ គឺជាមហាសេដ្ឋី Oleg Deripaska ដែលកាន់កាប់ភាគហ៊ុន នៅក្នុងក្រុមហ៊ុន QAL ។

សេចក្តីថ្លែងការណ៍បានដាក់ថា រហូតមកដល់ពេលនេះ អូស្ត្រាលី បានដាក់ទណ្ឌកម្ម សរុបចំនួន៤៧៦ លើបុគ្គលចំនួន៤៤៣ រួមទាំងអ្នកជំនួញជិតស្និទ្ធ នឹងប្រធានាធិបតីរុស្ស៊ីលោក ប្លាឌីមៀ ពូទីន និងអង្គភាពចំនួន៣៣ រួមទាំងវិស័យធនាគារភាគច្រើន របស់រុស្ស៊ី និងអង្គភាពទាំងអស់ ដែលទទួលខុសត្រូវ លើបំណុលអធិបតេយ្យរបស់ប្រទេស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top