ព័ត៌មានអន្តរជាតិ

អនុអធិការបតីអាល្លឺម៉ង់៖ បើសិនគ្មានថាមពលហ្គាស ពីរុស្ស៊ីរដូវរងារខាងមុខ ផ្ទះប្រជាជននឹងគ្មានកំដៅ, ឧស្សាហកម្មនឹងគ្មានដំណើរការ

បរទេស៖ លោក Robert Habeck អនុអធិការបតីអាល្លឺម៉ង់បាននិយាយថា ការផ្គត់ផ្គង់ឧស្ម័ន សម្រាប់រដូវរងាខាងមុខ ដល់ប្រទេសអាល្លឺម៉ង់ មិនទាន់ត្រូវបានធានានៅឡើយទេ។ លោក Robert Habeck ដែលបម្រើការជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងអាកាសធាតុផងដែរនោះ មិនបានច្រានចោលអ្វី ដែលហៅថាឥទ្ធិពលដូមីណូ នោះទេ ជាមួយនឹងការធ្លាក់ចុះ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ឧស្ម័ន ដែលបណ្តាលឱ្យមានការខ្វះខាត នៅក្នុងបរិក្ខារផ្សេងទៀត។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Habeck បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ជាមួយវិទ្យុអាល្លឺម៉ង់ Deutschlandfunk ថា “ប្រសិនបើយើងមិនទទួលបាន ការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀតទេ … ហើយការដឹកជញ្ជូនពីប្រទេសរុស្ស៊ីត្រូវបានបិទ ឬបញ្ឈប់នោះ យើងនឹងមិនមានគ្រប់គ្រាន់ ក្នុងការធ្វើឱ្យផ្ទះទាំងអស់ របស់យើងមានភាពកក់ក្តៅ និងដើម្បីរក្សាឧស្សាហកម្ម របស់យើងទាំងអស់ ឱ្យដំណើរការនោះទេ” ។

ការព្រមាននេះ ធ្វើឡើងមុនដំណើរទស្សនកិច្ច របស់លោកទៅឈូងសមុទ្រពែរ្ស ដែលនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ នៅប្រទេសកាតា ដែលជាប្រទេសនាំចេញឧស្ម័នធម្មជាតិរាវ ដ៏ធំបំផុតមួយ របស់ពិភពលោក លោក Habeck គ្រោងនឹងជួបជាមួយអធិរាជ Sheikh Tamim bin Hamad Al Thani និងមន្ត្រីរដ្ឋាភិបាលដទៃទៀត។ នៅថ្ងៃចន្ទ លោកត្រូវបានគេរំពឹងថានឹង ចូលរួមក្នុងការចរចា ជាមួយរដ្ឋមន្ត្រីអារ៉ាប់រួម៕

ប្រែសម្រួលៈ ណៃ តុលា

To Top