ព័ត៌មានអន្តរជាតិ

ឥស្សរជន នៃប្រទេសជាច្រើន រិះគន់ថា ប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើម បានប្រើស្តង់ដារពីរ ក្នុងពេលអនុវត្តការងារ

នាពេលថ្មីៗកន្លងទៅនេះ ក្នុងការប្រកួតបាល់ទាត់ ដែលរៀបចំធ្វើនៅក្រុងបែលក្រាដ រដ្ឋធានីប្រទេសស៊ែបី អ្នកចូលទស្សនា បានលើកផ្ទាំងសំពត់ជាច្រើន ដើម្បីបង្ហាញពីបញ្ជីឈ្មោះ របស់ប្រទេស និងតំបន់ដែលអាមេរិក និងអង្គការណាតូ ធ្លាប់បានទម្លាក់គ្រាប់បែក និងញុះញង់ឱ្យផ្ទុះអាវុធ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក ។

អ្នកជំនាញ បញ្ញវន្តនិងប្រជាជន នៃប្រទេសជាច្រើនបានសម្គាល់ឃើញថា ប្រទេសលោកខាងលិច ដូចជាអាមេរិកជាដើម បានប្រើស្តង់ដារពីរជាប់រហូតមក មួយផ្នែកបានឃោសនាថា “ប្រឆាំងសង្គ្រាម រក្សាសន្តិភាព” មួយផ្នែកទៀតបែរជាប្រើកម្លាំងយោធា ទៅដាក់សម្ពាធ លើប្រទេសដទៃទៀត និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ ដែលបាននាំមកនូវការគំរាមកំហែង ដល់សនិ្តសុខ និងសុវត្ថិភាពជាសកល ។

លោក Zivadin Jovanovic អតីតមន្ត្រីការទូតជើងចាស់ និងជាអ្នកជំនាញបញ្ហាអន្តរជាតិ របស់ប្រទេសស៊ែប៊ី បានថ្លែងថា មើលទៅ អាមេរិកនិងអង្គការណាតូ ហាក់ដូចជាបាននិងកំពុងអំពាវនាវ ឱ្យគោរពច្បាប់អន្តរជាតិ និងរិះគន់ប្រទេសដទៃទៀតថា បានបំផុសសង្គ្រាម ប៉ុន្តែតាមពិត ពួកគេបានធ្វើសកម្មភាពយោធា ទៅលើសហភាពយូហ្គោស្លាវី ដោយមិនបានទទួលការផ្តល់សិទិ្ធ ពីក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិនោះទេ ហើយសកម្មភាពយោធា របស់អាមេរិក នៅប្រទេសអាហ្វហ្កានីស្ថាន អ៊ីរ៉ាក់និងស៊ីរីក៏អ៊ីចឹងដែរ ។

ឥស្សរជន អ្នកវិភាគខាងនយោបាយ របស់ប្រទេសអាហ្វហ្កានីស្ថាន បានថ្លែងថា ២០ឆ្នាំមុន សម័្ពន្ធមិត្តលោកខាងលិច ដូចជាអាមេរិក និងអង្គការណាតូជាដើម បានឈ្លានពានអាហ្វហ្កានីស្ថាន ដោយយកការប្រឆាំងភេរវកម្ម ធ្វើជាលេស ។ ពួកគេសន្យាថានឹងផ្តល់ការគាំទ្រ ដល់ការស្តារឡើងវិញ និងការគាំពារសិទ្ធិមនុស្ស របស់អាហ្វហ្កានីស្ថាន ប៉ុន្តែពួកគេមិនបានអនុវត្តតាម ពាក្យសន្យារបស់ខ្លួនទេ ហើយក៏មិនដែលនាំមកនូវសុខសន្តិភាពអ្វី ដល់អាហ្វហ្កានីស្ថាន និងតំបន់ជំរុញនោះដែរ ៕

To Top