ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី Imran Khan ៖ ប៉ាគីស្ថាន ដូចឥណ្ឌាដែរ នឹងមិនឱនក្បាល ចំពោះសម្ពាធ របស់លោកខាងលិចឡើយ

បរទេស ៖ នាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថាន លោក Imran Khan បានបន្ទោសមហាអំណាចបរទេសម្តងទៀត ដែលព្យាយាមដាក់ សម្ពាធប៉ាគីស្ថាន ឱ្យផ្តាច់ទំនាក់ទំនង ជាមួយរុស្ស៊ី ជុំវិញប្រតិបត្តិការយោធា របស់ខ្លួននៅអ៊ុយក្រែន ដោយប្តេជ្ញាបន្តធ្វើការសម្រេចចិត្ត គោលនយោបាយអធិបតេយ្យ ដែលជាផលប្រយោជន៍ល្អបំផុត របស់ប្រទេស និងប្រជាជនរបស់លោក ។

លោក Khan បាននិយាយអំពីគណបក្ស Tehreek-e-Insaf ដែលកំពុងកាន់អំណាចរបស់ប៉ាគីស្ថាន ដោយថ្លែងទៅកាន់ការជួបជុំ ជាសាធារណៈនៅទីក្រុង Dargai កាលពីថ្ងៃអាទិត្យថា “សម្រាប់រយៈពេលបីឆ្នាំកន្លះនេះ យើងគ្រាន់តែព្យាយាមជួយប៉ាគីស្ថាន ឱ្យរីកចម្រើនប៉ុណ្ណោះ” ។

នាយករដ្ឋមន្ត្រីបានពន្យល់ពីមូលហេតុ ដែលលោកបដិសេធ មិនចូលរួមក្នុងក្រុមបន្ទរអន្តរជាតិ ដែលថ្កោលទោសរុស្ស៊ី ចំពោះការវាយប្រហាររបស់ខ្លួនលើ អ៊ុយក្រែនដោយ និយាយថា ប៉ាគីស្ថាននឹង មិនទទួលបានអ្វីសោះដោយការធ្វើតាមការទាមទារនេះ ។ លោកបានបន្ថែមថា អ្នកការទូតតំណាង ឱ្យបេសកកម្មជាច្រើន រួម ទាំងប្រទេសសហភាពអឺរ៉ុប ជាមួយនឹងប្រទេសជប៉ុន ស្វីស កាណាដា ចក្រភពអង់គ្លេស និងអូស្ត្រាលី “បានបំពានលើពិធីសារ ដោយការស្នើសុំ” នៅក្នុងលិខិតកាលពីថ្ងៃទី 1 ខែមីនា ។

ផ្ទាំងពាណិជ្ជកម្ម

លោក Imran Khan បញ្ជាក់ថា «ខ្ញុំនឹងមិនឱនក្បាលចំពោះនរណាម្នាក់នោះទេ ហើយនឹងមិនអនុញ្ញាត ឱ្យជាតិរបស់ខ្ញុំឱនក្បាលនោះដែរ»៕

ប្រែសម្រួលៈ ណៃ តុលា

To Top