ព័ត៌មានអន្តរជាតិ

រុស្ស៊ី នឹងមិនបន្ដកិច្ចចរចា សន្ធិសញ្ញាសន្ដិភាព ជាមួយជប៉ុនទៀតនោះទេ

ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ខ្លួននឹងលែងបន្តការចរចា សន្ធិសញ្ញាសន្តិភាព ជាមួយប្រទេសជប៉ុនទៀតហើយ ជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្ម របស់ទីក្រុងតូក្យូ ប្រឆាំងនឹងរុស្ស៊ីជុំវិញ ស្ថានការណ៍នៅអ៊ុយក្រែន។

ទីក្រុងមូស្គូ ក៏នឹងលុបចោល ការធ្វើដំណើរដោយគ្មានទិដ្ឋាការ សម្រាប់ពលរដ្ឋជប៉ុន ទៅកាន់កោះប៉ាស៊ីហ្វិក ដែលមានជម្លោះចំនួន៤ ដែលត្រូវបានគេស្គាល់ថា ជាតំបន់ Kurils ភាគខាងត្បូង ក្នុងប្រទេសរុស្ស៊ី និងដែនដីភាគខាងជើង ក្នុងប្រទេសជប៉ុន។

ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគីរុស្ស៊ីកំពុងដកខ្លួន ចេញពីកិច្ចសន្ទនាជាមួយជប៉ុន ស្តីពីការបង្កើតសកម្មភាពសេដ្ឋកិច្ចរួមគ្នា នៅក្នុងកោះទាំងនេះ។

រុស្ស៊ី នឹងរារាំងការបន្តឋានៈរបស់ជប៉ុន ជាដៃគូសន្ទនាតាមវិស័យ នៃអង្គការ សហប្រតិបត្តិការសេដ្ឋកិច្ច សមុទ្រខ្មៅ។ រួមជាមួយបណ្តា ប្រទេសលោកខាងលិច ប្រទេសជប៉ុន បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើប្រទេសរុស្ស៊ី សម្រាប់ប្រតិបត្តិការ យោធាពិសេសរបស់ខ្លួន នៅអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top