ព័ត៌មានអន្តរជាតិ

រុស្ស៊ីព្រមានអំពី ភាពកាន់តែខិតជិត នៃសង្គ្រាម រវាងក្រុងមូស្គូ និងអង្គការណាតូ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានព្រមានកាលពីថ្ងៃពុធថា ប្រសិនបើអង្គការណាតូយល់ ព្រមជាមួយសំណើរបស់ប៉ូឡូញ ដើម្បីដាក់ពង្រាយ កងរក្សាសន្តិភាព ទៅកាន់អ៊ុយក្រែន នោះទង្វើនេះអាចបង្កឱ្យមានជម្លោះ យោធា រវាងប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក និងទីក្រុងម៉ូស្គូ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Lavrov ថា រដ្ឋាភិបាលទីក្រុង Warsaw របស់ប៉ូឡូញ ប្រហែលជាចង់បង្កើតទីតាំងឈរជើងនៅក្នុងទីក្រុង Lvov ភាគខាងលិចអ៊ុយក្រែន ហើយបន្តនៅទីនោះ បន្ទាប់ពីជម្លោះបានបញ្ចប់ ។ លោកថា “ហេតុអ្វីបានជាពួកគេមានគំនិតបែបនេះ ហើយមិនត្រឹមតែ មានការគិតនោះទេ នេះបានកើតឡើងកាលពីអតីតកាល” ។ អ្នកការទូតក៏បានព្រមានរដ្ឋបាល់ ទិកប្រឆាំងនឹងការបញ្ជូន “កងវរសេនាតូច” របស់ពួកគេទៅប្រយុទ្ធជាមួយទាហាន រុស្ស៊ី នៅអ៊ុយក្រែន ផងដែរ។

សូមជម្រាបថា កាលពីដើមសប្តាហ៍មុន នាយករដ្ឋមន្ត្រីប៉ូឡូញ សាធារណរដ្ឋឆេក និងស្លូវេនី តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទៅកាន់ទីក្រុងគៀវ ដើម្បីជួបជាមួយប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky។ បន្ទាប់មក ឧបនាយករដ្ឋមន្ត្រីប៉ូឡូញ Jarosław Kaczynski បានប្រកាសថា អង្គការណាតូ គួរតែដាក់បេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន ខណៈដែល EU គួរតែផ្តល់ឋានៈជាបេក្ខជនផ្លូវការរបស់ទីក្រុងគៀវ។ លោក Kaczynski បាននិយាយថា “ខ្ញុំជឿថា បេសកកម្មរក្សាសន្តិភាព របស់អង្គការណាតូ គឺត្រូវការជាចាំបាច់ ដែលជាបេសកកម្ម ដែលអាចការពារខ្លួនបាន ហើយវានឹងដំណើរការនៅអ៊ុយក្រែន” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top