ព័ត៌មានអន្តរជាតិ

Update: រុស្ស៊ី បញ្ចេញតួលេខដ៏កម្រ របស់ទាហានខ្លួន ដែលស្លាប់ និងរបួស ក្នុងជម្លោះជាមួយ អ៊ុយក្រែន

បរទេស៖ ក្រសួងការពារជាតិរុស្សី កាលពីថ្ងៃសុក្រ បានផ្តល់ព័ត៌មានថ្មីដ៏កម្រមួយ ស្តីពីការស្លាប់និងរបួស ដែលកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសនេះ ទទួលរងគ្រោះ អំឡុងពេល ការវាយលុកយោធា ដែលកំពុងបន្តនៅក្នុង ប្រទេសអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អនុប្រធានអគ្គសេនាធិការរុស្ស៊ី លោកវរសេនីយ៍ឯក Sergey Rudskoy បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ជាអកុសល ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស គឺមានការខាតបង់ក្នុងចំណោម សមមិត្ត នៅក្នុងអាវុធរបស់យើង។ រហូតមកដល់ពេលនេះ មានទាហាន ១ ៣៥១ នាក់បានស្លាប់ និង ៣ ៨២៥ នាក់បានរងរបួស»។

មន្ត្រីរូបនេះ មិនបានផ្តល់តួលេខណាមួយ អំពីទាហានដែលអាចបាត់ខ្លួន ក្នុងសកម្មភាព ឬត្រូវបានចាប់ខ្លួន ជាអ្នកទោសចំពេល មានជម្លោះនោះទេ។ លោក Rudskoy បានបញ្ជាក់យ៉ាងច្បាស់ថា ភាគីអ៊ុយក្រែនបានរងការខូចខាត យ៉ាងធ្ងន់ធ្ងរ (ប្រហែល 30 000នាក់) ក្នុងរយៈពេលមួយខែកន្លងមកនេះ។

យោងតាមការប៉ាន់ប្រមាណ របស់យោធារុស្ស៊ី គឺមានទាហានអ៊ុយក្រែនប្រហែល 14 000 នាក់ត្រូវបានសម្លាប់ និង 16 000 នាក់ទៀតបានរងរបួស៕

ប្រែសម្រួលៈ ណៃ តុលា

To Top