ព័ត៌មានអន្តរជាតិ

G7 បដិសេធ ការទាមទាររបស់រុស្ស៊ី ក្នុងការបង់ទូទាត់ ថ្លៃចែកចាយឧស្ម័ន ជាប្រាក់រូបល

បឺលីន៖ អនុអធិការបតីអាល្លឺម៉ង់ លោក Robert Habeck បានឲ្យដឹងថា ក្រុមប្រទេសទាំង៧ ឬហៅកាត់ថា (G7) បានព្រមគ្នាបដិសេធ ការទាមទាររបស់រុស្ស៊ី ក្នុងការទូទាត់ថ្លៃចែកចាយឧស្ម័ន គិតជាប្រាក់រូបល។

លោក Habeck ដែលជារដ្ឋមន្ត្រីអាល្លឺម៉ង់ សម្រាប់កិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុ បានឲ្យដឹងបន្ទាប់ពីកិច្ចប្រជុំនិម្មិត នៃរដ្ឋមន្ត្រីថាមពល G7 ថា ការទាមទាររបស់រុស្ស៊ីគឺជា “ការបំពានឯកតោភាគី និងច្បាស់លាស់នៃកិច្ចសន្យា ដែលមានស្រាប់” ដែលបច្ចុប្បន្ន អាល្លឺម៉ង់កំពុងធ្វើជាប្រធានG7។

លោក Habeck បានលើកឡើងថា កិច្ចសន្យាដែលត្រូវបានបញ្ចប់ គួរតែបន្តអនុវត្ត។ លោកបានបន្ថែមថា “ការទូទាត់ជាប្រាក់រូបល គឺមិនអាចទទួលយកបាននោះទេ” ដោយជំរុញឱ្យក្រុមហ៊ុនពាក់ព័ន្ធ កុំធ្វើតាមការទាមទាររបស់រុស្ស៊ី។

លោក Habeck បានបន្ដថា “យើងនឹងមិនត្រូវបានបែងចែកនោះទេ ហើយការឆ្លើយតបរបស់ប្រទេស G7 គឺច្បាស់ណាស់ កិច្ចសន្យានឹងត្រូវបានគោរព” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសថា ការចែកចាយឧស្ម័នទៅកាន់ “ប្រទេសដែលមិនរួសរាយរាក់ទាក់” មួយចំនួន ដែលទិញឧស្ម័នរបស់រុស្ស៊ី ឥឡូវនេះនឹងត្រូវបង់ជាប្រាក់រូបល វិញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top