យូអិន ៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិលោក Antonio Guterres បានស្វាគមន៍ កិច្ចព្រមព្រៀង ដោយភាគីជម្លោះ ក្នុងប្រទេសយេម៉ែន លើបទឈប់បាញ់ រយៈពេលពីរខែ ដែលនឹងចូលជាធរមាន នៅថ្ងៃសៅរ៍។
លោក Guterres បានលើកឡើងថា បទឈប់បាញ់បើកទ្វារ ដើម្បីដោះស្រាយ តម្រូវការមនុស្សធម៌ និងសេដ្ឋកិច្ចបន្ទាន់របស់ប្រទេសយេម៉ែន ហើយបង្កើតឱកាស ដើម្បីចាប់ផ្តើមដំណើរ ការនយោបាយ របស់យេម៉ែនឡើងវិញ ។
លោក Guterres បានបន្ដថា “បទឈប់បាញ់នេះត្រូវតែជាជំហានដំបូង ដើម្បីបញ្ចប់សង្រ្គាម ដ៏មហន្តរាយរបស់ប្រទេសយេម៉ែន” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
បេសកជនពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកប្រទេសយេម៉ែន លោក Hans Grundberg ទើបតែបានប្រកាសអំពីរបកគំហើញនៅទីក្រុង Amman ប្រទេសហ្ស៊កដានី ។
លោក Grundberg បានលើកឡើងថា ភាគីទាំងអស់បានយល់ព្រមបញ្ឈប់ រាល់ប្រតិបត្តិការយោធា ផ្លូវអាកាស ជើងគោក និងដែនសមុទ្រដែលវាយលុក នៅក្នុងប្រទេសយេម៉ែន និងឆ្លងកាត់ព្រំដែន របស់ខ្លួន។
លោកបន្ដថា ពួកគេក៏បានយល់ព្រម សម្រាប់កប៉ាល់ប្រេងឥន្ធនៈ ដើម្បីចូលទៅក្នុងកំពង់ផែ Hodeidah និងសម្រាប់ជើងហោះហើរ ពាណិជ្ជកម្ម ដើម្បីធ្វើប្រតិបត្តិការក្នុង និងក្រៅអាកាសយានដ្ឋាន Sanaa ទៅកាន់គោលដៅ ដែលបានកំណត់ទុកជាមុននៅក្នុងតំបន់។
លោក Grundberg បានបន្ថែមថា ភាគីបានយល់ព្រមបន្ថែមទៀត ដើម្បីជួបក្រោមការឧបត្ថម្ភ របស់លោក ដើម្បីបើកផ្លូវនៅក្នុងទីក្រុង Taiz និងអភិបាលខេត្តផ្សេងទៀត ក្នុងប្រទេសយេម៉ែន ៕ប្រែសម្រួល ឈូក បូរ៉ា