ព័ត៌មានអន្តរជាតិ

ស្លាប់ ១៤នាក់ នៅក្នុងហេតុការណ៍គ្រោះបាក់ដី នៅរដ្ឋរីយ៉ូឌឺចាណេរ៉ូ ប្រទេសប្រេស៊ីល

រីយ៉ូឌឺចាណេរ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា ភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបណ្តាលឱ្យមានគ្រោះបាក់ដី កើតឡើងដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៤នាក់ នៅក្នុងទីក្រុងឆ្នេរសមុទ្រភាគខាងត្បូង និងតំបន់ Baixada Fluminense នៃរដ្ឋ រីយ៉ូឌឺចាណេរ៉ូ ។ នេះបើយោងតាមអាជ្ញាធររដ្ឋនិងមូលដ្ឋាន បានឲ្យដឹងកាលពីថ្ងៃសៅរ៍ ។

អាជ្ញាធររដ្ឋបានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ បានឆ្លើយការហៅទូរស័ព្ទចំនួន ៨៥០ដង ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយអាចនាំមនុស្ស ១៤៤នាក់ ទៅកាន់កន្លែងសុវត្ថិភាពនៅក្នុងតំបន់ ដែលរងផលប៉ះពាល់នេះ ។

ទីក្រុង រីយ៉ូឌឺចាណេរ៉ូ បានរងការវាយប្រហារដោយ អាកាសធាតុមិនល្អក្នុងរយៈពេល ប៉ុន្មានសប្តាហ៍កន្លងមកនេះ។ អាជ្ញាធរបានឲ្យដឹង កាលពីថ្ងៃទី២៣ ខែមីនាថា គ្រោះបាក់ដី និងគ្រោះទឹកជំនន់ក្នុងខែកុម្ភៈ បានសម្លាប់មនុស្សប្រហែល ២៤០នាក់នៅក្នុងតំបន់ Petropolis នៅតំបន់ភ្នំខាងលើទីក្រុង រីយ៉ូឌឺចាណេរ៉ូ ។

លោក Luciano Vidal អភិបាលក្រុង Paraty បានប្រាប់ដល់ទីភ្នាក់ងារ Reuters ថា “យើងមានគ្រួសារអនាថាជាង៧០ ។ យើងកំពុងផ្តល់ទីជម្រក និងជួលផ្ទះសំណាក់ សម្រាប់ប្រជាជនទាំងនេះ” ។

លោកបានលើកឡើងថា គ្រោះបាក់ដី បាននាំឲ្យមានការបិទផ្លូវ និងផ្នែកដាច់ស្រយាលនៃទីក្រុង ហើយសង្កាត់ទាំងមូលគ្មានអគ្គិសនី ប្រើប្រាស់នៅក្នុងទីក្រុងឆ្នេរសមុទ្រ ដែលជាកន្លែងទាក់ទាញទេសចរណ៍ ។

ក្នុងមួយថ្ងៃក្រុង Paraty ទទួលបានទឹកភ្លៀងទំហំ ៣២២មម ដែលជាទឹកភ្លៀងជា មធ្យមសម្រាប់រយៈពេល ៦ខែមកនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top