ព័ត៌មានអន្តរជាតិ

Updated៖ មនុស្សរាប់ពាន់នាក់ នៅក្រុងម៉ាឌ្រីដ នាំគ្នាធើ្វបាតុកម្មប្រឆំាងនឹងអង្គការ NATO ក្នុងរឿងជម្លោះនៅអ៊ុយក្រែន

ម៉ាឌ្រីដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ មនុស្សរាប់រយនាក់បាន ធ្វើបាតុកម្មនៅទីក្រុងម៉ាឌ្រីដ ដើម្បីបង្ហាញពីការបដិសេធ របស់ពួកគេចំពោះជម្លោះ នៅក្នុងប្រទេសអ៊ុយក្រែន និងអន្តរាគមន៍របស់អង្គការ NATO។

ក្រុមបាតុករដែលរៀបចំដោយ សន្និបាតដ៏ពេញនិយមដែល បង្កើតឡើងដោយអង្គការឯករាជ្យ និងសមាគមនានាបានប្រមូលផ្តុំគ្នា នៅមុខស្ថានីយ៍រថភ្លើង Puerta de Atocha ហើយបានដើរក្បួនសំដៅ រកក្រសួងការបរទេសអេស្ប៉ាញ ។

បើយោងតាមលោក Lorena Cabrera តំណាងសមាគមប្រឆាំងមូលធននិយម និងមេដឹកនាំមួយចំនួននៃ អង្គការនានាបានលើកឡើងថា “អេស្ប៉ាញ មិនគួរណាចុះចាញ់នឹងសម្ពាធ NATO ទៀតទេ” ដោយសារតែឥទ្ធិពលនៃ ការរួមចំណែកដល់ជម្លោះ “កំពុងធ្វើឱ្យប៉ះពាល់ដល់ វិស័យផ្សេងៗរួចទៅហើយ” ។

លោក Luis Arevalo អ្នកតវ៉ាមកពីទីក្រុង ម៉ាឌ្រីដ បាននិយាយថា “យើងចង់បានសន្តិភាពសម្រាប់អ៊ុយក្រែន និងប្រទេសទាំងអស់” ។

លោកនិយាយទៀតថា “យើងក៏ច្រានចោលផងដែរ នូវការចូលរួមកើនឡើងរបស់អឺរ៉ុប នៅក្នុងការតស៊ូយោធា របស់អ៊ុយក្រែន ពីព្រោះពួកគេធ្វើដូច្នេះក្រោម ផលប្រយោជន៍របស់សហរដ្ឋអាមេរិក” ។

យោងតាមរង្វាស់នៃវិទ្យាស្ថាន ElCano Royal Institute ដែលបានបង្ហាញកាលពីថ្ងៃសុក្រ គឺថា ៤៨ភាគរយ នៃជនជាតិអេស្ប៉ាញ គឺពេញចិត្តក្នុងការធ្វើអន្តរាគមន៍ មួយបើប្រៀបធៀបទៅនឹង ៥២ភាគរយ គឺប្រឆាំងនឹងរឿងនេះ ។

លោក Xulio Rios នាយកអង្គការឃ្លាំមើលគោលនយោបាយចិន ប្រចាំនៅអេស្ប៉ាញ បានលើកឡើងថា “សហភាពអឺរ៉ុប ហៅកាត់ថា (EU) មិនគួរចូលរួមក្នុងយុទ្ធសាស្រ្ត ប្រឈមមុខគ្នាដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃនេះពីទីក្រុងវ៉ាស៊ីនតោនក្នុងគោលបំណង រក្សាអនុត្តរភាពរបស់ខ្លួនឡើយ” ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top