ព័ត៌មានអន្តរជាតិ

Updated៖ អ៊ុយក្រែន អះអាងថា រកឃើញសាកសពចំនួន៤១០នាក់ នៅក្បែរក្រុងគៀវ

មូកហាឆេវ៉ូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា រដ្ឋអាជ្ញាកំពូលរបស់ប្រទេសបានលើកឡើងកាលពីថ្ងៃអាទិត្យថា ប្រទេសអ៊ុយក្រែន បានរកឃើញសាកសពចំនួន៤១០នាក់នៅក្នុងទីប្រជុំជននានាក្បែរទីក្រុងគៀវ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម ដែលអាចកើតមានដោយប្រទេសរុស្ស៊ី ប៉ុន្តែសាក្សីមួយចំនួនមានការប៉ះទង្គិចផ្លូវ ចិត្តយ៉ាងខ្លាំងដែលពួកគេមិនអាចនិយាយបានឡើយ ។

បន្ទាប់ពីរុស្ស៊ី ដកខ្លួនចេញពីតំបន់មួយចំនួនជុំវិញទីក្រុងគៀវ អភិបាលក្រុង Bucha ដែលជាទីក្រុងរំដោះបានស្ថិតនៅចម្ងាយ ៣៧គីឡូម៉ែត្រភាគពាយព្យ នៃរដ្ឋធានីបានលើកឡើងថា អ្នកស្រុកចំនួន៣០០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងរុស្ស៊ី ខណៈដែលអ្នកប្រយុទ្ធ Chechen គ្រប់គ្រងតំបន់នោះ។

ជុំវិញរឿងនេះដែរ ប្រទេសរុស្ស៊ី បានបដិសេធចំពោះការចោទប្រកាន់ដែលថា ទាហានខ្លួនបានសម្លាប់ជនស៊ីវិលនៅក្រុង Bucha។

ក្រុងម៉ូស្គូ បានឲ្យដឹងថា គ្មានអ្នកស្រុកណាម្នាក់ទទួលរងគ្រោះពីអំពើហឹង្សា ណាមួយពីកងកម្លាំងរុស្ស៊ី ហើយបានចោទប្រកាន់ទីក្រុង គៀវ ពីការបង្ហាញនូវអ្វីដែលខ្លួនបានសម្តែង ជាការញុះញង់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចតែប៉ុណ្ណោះ ។

អគ្គរដ្ឋអាជ្ញា Iryna Venedyktova បានលើកឡើងថា រដ្ឋអាជ្ញាអ៊ុយក្រែន អាចចូលស៊ើបមើលនៅក្នុងទីក្រុង Bucha, Irpin និង Hostomel ជាលើកដំបូងកាលពីថ្ងៃអាទិត្យ ហើយពួកគេត្រូវការពេលវេលា បន្ថែមទៀតដើម្បីដោះស្រាយទំហំនៃឧក្រិដ្ឋកម្មនេះ។

លោក Venedyktova បានលើកឡើងថា “យើងត្រូវធ្វើការជាមួយសាក្សី” ។

គួរបញ្ជាក់ថា “មនុស្សសព្វថ្ងៃនេះ មានការតានតឹងខ្លាំងណាស់ រហូតដល់ប៉ះពាល់ដល់រាងកាយមិន អាចនិយាយបាន” ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top