ព័ត៌មានអន្តរជាតិ

Updated៖ អាល្លឺម៉ង់ លើកឡើងថា ប្រទេសលោកខាងលិច នឹងឯកភាពដើម្បីដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើរុស្ស៊ី

LVIV៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអាល្លឺម៉ង់បានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកខាងលិចនឹងយល់ព្រមដាក់ទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីអ៊ុយក្រែន បានចោទប្រកាន់កងកម្លាំងរុស្ស៊ី ពីឧក្រិដ្ឋកម្មសង្រ្គាមនៅជិតទីក្រុង គៀវ ដោយបានលើកឡើងពីសម្ពាធសេដ្ឋកិច្ចដ៏ធំធេងរួចទៅហើយលើប្រទេសរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួន។

សេដ្ឋកិច្ចរបស់រុស្ស៊ី កំពុងប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរចាប់តាំងពីការដួលរលំនៃសហភាពសូវៀតឆ្នាំ១៩៩១ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយសារតែការឈ្លានពានរបស់លោក ពូទីន នៅថ្ងៃទី២៤ ខែកុម្ភៈមកលើប្រទេសអ៊ុយក្រែន ។

កាលពីថ្ងៃអាទិត្យ ប្រទេសរុស្ស៊ី បានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនទទួលខុសត្រូវ ចំពោះការស្លាប់របស់ជនស៊ីវិលនៅក្នុងទីក្រុង Bucha ហើយបានលើកឡើងថា អ៊ុយក្រែនបានធ្វើការសម្តែងមួយសម្រាប់ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចតែប៉ុណ្ណោះ ។

ទីភ្នាក់ងារព័ត៌មាន Reuters បានឃើញពីសាកសពពាសពេញទីក្រុង ។ ម្នាក់ទំនងជាយកដៃចងនឹងក្រណាត់ស ហើយត្រូវគេបាញ់ចំមាត់។

លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ។
ហើយប្រទេសលោកខាងលិចបានព្រមានពីការដាក់ទណ្ឌកម្មបន្ថែមទៀត ។

លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មានថា “ពូទីន និងអ្នកគាំទ្ររបស់គាត់នឹងមានអារម្មណ៍ថា មានផលវិបាក” ចំពោះសកម្មភាពរបស់ពួកគេ ៕

ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

To Top