ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ប៉ាគីស្ថាន សម្រេចរំលាយសភាជាតិ តាមសំណើនាយករដ្ឋមន្រ្តី

អ៊ីស្លាម៉ាបាដ ៖ សេចក្តីថ្លែងការណ៍មួយ ពីលេខាធិការដ្ឋានប្រធានាធិបតីប៉ាគីស្ថាន បានឲ្យដឹងថា ប្រធានាធិបតីប៉ាគីស្ថានលោក Arif Alvi បានរំលាយសភាជាតិ កាលពីថ្ងៃអាទិត្យតាមសំណើ របស់នាយករដ្ឋមន្ត្រី របស់ប្រទេសនេះ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ប្រធានាធិបតីប៉ាគីស្ថាន Arif Alvi បានអនុម័តការណែនាំ របស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន ក្នុងការរំលាយរដ្ឋសភា ក្រោមមាត្រា ៥៨ (១) ជាមួយនឹងមាត្រា ៤៨ (១) នៃរដ្ឋធម្មនុញ្ញ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន” ។

នៅព្រឹកថ្ងៃដដែល ក្នុងសុន្ទរកថាតាមទូរទស្សន៍ ទៅកាន់ប្រទេសជាតិ តាមទូរទស្សន៍ជាតិ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan បានប្រាប់ប្រជាជាតិថា លោកបានផ្ញើដំបូន្មាន (សំណើ) ទៅប្រធានាធិបតី ដើម្បីរំលាយសភាជាតិ ឬសភាជាន់ទាប ។

លោក Khan បានលើកឡើងថា មហាអំណាចបរទេសមួយបានញុះញង់ ការឃុបឃិតគ្នា ដើម្បីដករដ្ឋាភិបាលរបស់លោក តាមរយៈចលនាមិន ទុកចិត្តប្រឆាំងនឹងលោក ហើយអនុប្រធានសភា ជាន់ទាបបានច្រាន ចោលសំណើនេះ ពីព្រោះប្រទេសជាតិ មិនអាចអនុញ្ញាត ឱ្យការឃុបឃិតបែបនេះទទួល បានជោគជ័យនោះទេ ។

លោក Imran Khan បានបន្ដថា “ខ្ញុំចង់ប្រាប់ប្រទេសរបស់ខ្ញុំ ឱ្យចាប់ផ្តើមរៀបចំការបោះឆ្នោត ហើយកុំឱ្យអំណាច បរទេសណាមួយ សម្រេចចិត្តអនាគត របស់ប្រទេសប៉ាគីស្ថាន” ដោយបន្ថែមថា នៅពេលដែលសភាជាតិ ត្រូវបានរំលាយ នីតិវិធីដើម្បីតែងតាំងអ្នកដឹកនាំចាំផ្ទះ នឹងចាប់ផ្តើម ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top