ព័ត៌មានអន្តរជាតិ

ប្រទេសជាសមាជិកអឺរ៉ុបមួយ សម្រេចចិត្តទូទាត់ជាលុយរូប (rubles) ដើម្បីទិញថាមពលពីរុស្សី

បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហុងគ្រី កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងហើយថា លោកនឹងមិនមានបញ្ហាឡើយ ក្នុងការទូទាត់ប្រាក់ជាលុយរូប របស់រុស្សីដើម្បីអាចទិញ យកថាមពល ពីប្រទេសរុស្សី នេះបើយោងតាមការចេញផ្សាយរបស់ rt.com។

លោកនាយករដ្ឋមន្ត្រី Viktor Orban បាននិយាយថា លោកនឹងប្រឆាំងទៅនឹងរាល់ទណ្ឌកម្ម សេដ្ឋកិច្ចទាំងអស់ដោយអឺរ៉ុប ចំពោះថាមពលរបស់ប្រទេសរុស្សី ហើយបន្ថែមថាប្រទេសរបស់លោកនឹង ទទួលយកការផ្គត់ផ្គង់ហ្គាសពី រុស្សីតាមរយៈការទូទាត់ជាលុយ រូបិយវត្ថុរបស់រុស្សី rubles ផង។

លោក Orban បានពន្យល់ទៀតថា ហុងគ្រីនឹងមិនរារាំង ឬផ្តល់សំពាធឬសូម្បីតែគាំទ្រ ទៅលើការរឹតបន្តឹងណាមួយចំពោះ ការផ្គត់ផ្គង់ហ្គាសនិងប្រេងពី ប្រទេសរុស្សីឡើយពីព្រោះថា វានឹងធ្វើឲ្យប្រទេសហុងគ្រី ឈានចូលដល់ចំណុច បន្ទាត់ក្រហមជាមិនខាន។

គួរឲ្យដឹងដែរថា កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងការបរទេសលោក Peter Szijarto បានថ្លែងថាកុងត្រាផ្គត់ផ្គង់ហ្គាស គឺជាកិច្ចការងាររវាងហុងគ្រីជាមួយ នឹងរុស្សីប៉ុណ្ណោះហើយអឺរ៉ុបគ្មាន សិទ្ធក្នុងការដើរតួមកធ្វើការ ជាមួយគ្នាឬការសម្រេចចិត្តណា មួយជំនួសឲ្យហុងគ្រីឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top